ឃ្លាំងដាក់សម្ភារៈដេគ័រ (រោងការ) មួយកន្លែង នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឲ្យរងការខូចខាត គិតជាទឹកប្រាក់ប្រមាណ ៦.០០០ដុល្លារ សហរដ្ឋអាមេរិក កាលពីវេលាម៉ោងប្រមាណ ៥ល្ងាច ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នេះ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឃ្លាំងរងគ្រោះខាងលើឈ្មោះ ជន ចាន់ថន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបបរដេគ័រ (រោងការ) ។
បើតាមសម្តីម្ចាស់ឃ្លាំង ករណីនេះ បណ្តាលឲ្យឆេះខូចខាតឃ្លាំងធ្វើអំពីដែក ដំបូលស័ង្កសី ជញ្ជាំងសង្ក័សី ទំហំទទឹង ១១ម៉ែត្រ បណ្តាយ ៥៥ម៉ែត្រ, សម្ភារៈដេគ័រ (រោងកា) និងកុងផ្លាក់កេប្រហែល ១០០សន្លឹក (កុងផ្លាក់កេរសំរាប់ក្រាលអោយភ្ញៀវដើរ) ។
ចំពោះមូលហេតុនៃអគ្គិភ័យ បើតាមការសន្និដ្ឋានជំហ៊ានដំបូងរបស់សមត្ថកិច្ច គឺបណ្តាលមកពីទុស្សេចរន្តអគ្គិសនី ។ ក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យចំនួន ០៦គ្រឿង បានចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ទើបធ្វើឲ្យភ្លើងរលត់នៅវេលាម៉ោងប្រមាណ ៦ល្ងាច ថ្ងៃខែឆ្នាំដដែល ៕




