នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានប្រជាពុទ្ធិបរិស័ទ មកពីទីជិតឆ្ងាយរាប់ពាន់នាក់ បានមកជួបជុំគ្នាទាំងកណ្តាលថ្ងៃដាច់បាយក្រហាយទឹក ចាប់ពីមុខក្លោងទ្វារវត្ត រហូតដល់ក្នុងបរិវេណវត្តថ្មីដីក្រហម ស្ថិតក្នុងសង្កាត់ព្រះស្រែ ក្រុងឧដុង្ដម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងចង់ជួបព្រះអង្គធម្មវន វាសី ចន្ទមុនី ក្រោយពីទទួលដំណឹងថា ព្រះអង្គនឹងនិមន្តមកវត្តមួយនេះ ក្នុងនោះមានប្រជាពុទ្ធបរិស័ទខ្លះ មករង់ចាំតាំងពីព្រឹកព្រលឹម និងខ្លះទៀតមករង់ចាំតាំងពីថ្ងៃទី២២ ម្សិលមិញ ប៉ុន្តែគួរឱ្យសោកស្ដាយ ដោយសារព្រះអង្គធម្ម វនវាសី ចន្ទមុនី មិនបាននិមន្តមកនោះទេ ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះអង្គធម្មវនវាសី ចន្ទមុនី បាននិមន្តទៅប្រោះព្រម្មនៅផ្ទះរបស់អតិថិជនដែលនៅបុរីពិភពថ្មីកំបូល ផ្លូវជាតិលេខ៤ លុះចប់កម្មវិធី គេមិនបានឃើញព្រះអង្គនិមន្តមកវត្តថ្មីដីក្រហម ដែលប្រជាពុទ្ធបរិស័ទរាប់ពាន់នាក់ កំពុងរង់ចាំទាំងដាច់បាយក្រហាយទឹកនោះទេ ហើយប្រភពព័ត៌មានខ្លះទៀតបាននិយាយថា ព្រះអង្គបាននិមន្តមកដល់ក្លោងទ្វារចូលដែរ ប៉ុន្តែដោយឃើញប្រជាពុទ្ធបរិស័ទច្រើនកុះករពេក ព្រះអង្គក៏និមន្តត្រឡប់ទៅវិញតែម្ដងទៅ ៕