ព្រោះតែជីវិភាពក្រីក្រ បុរសម្នាក់ខំប្រឹងចេញទៅរាវខ្យងទាំងមានជំងឺប្រចាំកាយ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ តែគួរឲ្យអនុច្ចារ ត្រូវជំងឺចាស់រើឡើងប្រកាច់ឈ្លក់ទឹកស្លាប់ម្នាក់កណ្តាលវាលស្រែគួរឲ្យអាសូរ ។
បុរសរងគ្រោះខាងលើមានឈ្មោះ តឹម ហៀប ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ជាមនុស្សមានជំងឺប្រចាំកាយ លេបថ្នាំជារៀងរាល់ថ្ងៃ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកផ្កាប់មុខឈ្លក់ទឹកស្លាប់ នៅក្នុងវាលស្រែដែលទើបភ្ជួររួច និងមានជម្រៅទឹកត្រឹមស្មងជើង ក្នុងភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ២០២៣នេះ ។
បើតាមស្ត្រីឈ្មោះ បុល សឿន ជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ទាំងអួលដើមករថា ប្តីរបស់គាត់មានជំងឺសសៃរប្រាសាទ ដែលខ្មែរតែហៅថាជំងឺឆ្កួតជ្រូក ជាង ៣ឆ្នាំមកហើយ និងបានលេបថ្នាំជាប់ជាប្រចាំផងដែរ ជួនកាលដើរប្រកាច់បែកពពុះមាត់ ក៏មានដែរ ហើយតាំងពីដឹងថា ស្វាមីមានជំងឺមកមិនដែលប្រើឱ្យធ្វើការងារអ្វីធ្ងន់នោះទេ ដោយគ្រាន់តែឱ្យនៅមើលផ្ទះតែប៉ុណ្ណោះ ដោយខ្លួនឯងសុខចិត្តធ្វើការរោងចក្រចិញ្ចឹមប្តី និងកូនទាំង ២នាក់ ។
ប្រពន្ធជនរងគ្រោះបានទឹកភ្នែកថា ប្តីរបស់គាត់ជាមនុស្សស្លូតបូត និងឧស្សាហ៍ណាស់ មិនគួរអាយុខ្លីបែបនេះទាល់តែសោះ ប៉ុន្តែដោយសារតែកត្តាជីវភាព ទោះបីជាហាមយ៉ាងណា ក៏ស្វាមីនៅតែលួចទៅរកត្រី ក្តាម ខ្យង់ លក់យកកម្រៃមកជួយផ្តត់ផ្គង់ជីវភាពដែរ ហើយឱ្យតែដឹង ខ្លួនតែងស្តីបន្ទោសជារើយៗ ព្រោះបារម្ភខ្លាចជំងឺរើ ប្រកាច់ឈ្លក់ទឹកស្លាប់ ប៉ុន្តែ ទីបំផុតស្លាប់ទាល់តែបាន ។
ស្ត្រីដដែលបានបន្តទៀតថា កាលពីយប់មិញប្តីបាននិយាយប្រាប់ថា ឃើញស្រែមួយកន្លែងនៅភូមិព្រែកខ្មែរ ម្ចាស់គេទើបនឹងភ្ជូររាស់ដីរួច ទំនងជាមានខ្យងច្រើនហើយ ចាំស្អែកនឹងទៅរើស ប៉ុន្តែខ្លួនបានហាមមិនឱ្យទៅទេ ព្រោះខ្លាចជំងឺរើឡើងប្រកាច់ឈ្លក់ទឹកស្លាប់ លុះព្រឹកឡើង ខ្លួនក៏បានចេញទៅធ្វើការតាមទម្លាប់ ដោយមិនដឹងថាប្តីលបចេញទៅរាវខ្យងនោះទេ លុះចេញពីធ្វើការមកហូបបាយនៅផ្ទះបាត់មិនឃើញប្តី ស្រាប់តែមានអ្នករត់មកប្រាប់ថា ស្វាមីបានលង់ទឹកស្លាប់នៅកណ្តាលវាលស្រែ ឯភូមិព្រែកខ្មែរ មានចម្ងាយពីផ្ទះជាង ១គីឡូម៉ែត្របាត់ទៅហើយ ធ្វើឱ្យទន់ដៃជើងធ្វើអ្វីលែងកើតក្រៅតែពីទ្រហោយំតែប៉ុណ្ណោះ ។
ករណីនេះ ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច្ឆ័យ សមត្ថកិច្ចនិងគ្រូពេទ្យ បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្យល់គរ និងឈ្លក់ទឹកប្រាកដមែន ហើយប្រសិនបើជនរងគ្រោះគ្មានជំងឺប្រចាំកាយ(ឆ្កួតជ្រូក) ទេនោះ គឺមិនអាចមានគ្រោះថ្នាក់ទេ ព្រោះកន្លែងកើតហេតុនោះ ជាដីស្រែដែលទើបហ្នឹងភ្ជួរ ហើយមានជម្រៅទឹកប្រមាណស្មងជើងតែប៉ុណ្ណោះ៕