កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសការជួញដូរមនុស្ស និងការពារអនីតិជន កាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ បានចុះឆ្មក់បង្ក្រាបទីតាំងហាងម៉ាស្សា និងលក់ការហ្វេរយីហោ៩៩ នៅលើផ្លូវ៨០ កែងនឹងផ្លូវព្រះស៊ីសុវត្តិសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនស្រ្តីជាអ្នកលក់កាហ្វេម្នាក់ច្រឡំ រួចបានប្រើប្រាស់ហិង្សា បណ្តាលឲ្យរងរបួស ផ្អើលពលរដ្ឋក្នុងភូមិប្រមូលគ្នាជួយអន្តរាគមន៍ភ្លាមៗ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មាននារីជាអ្នកបម្រើកាងារនៅក្នុងហាងម៉ាស្សា និងលក់កាហ្វេយីហោ ៩៩ ម្នាក់ បានទិញកាហ្វេពីស្រ្តីរងគ្រោះ ក្រោយមកស្រ្តីរងគ្រោះរូបនោះ ក៏បានកាន់កាហ្វេមួយថង់យកទៅឲ្យ នារីម៉ាស្សាដល់ខាងមុខហាង ខណៈនោះដែរស្រាប់តែមានជនស៊ីវិលមួយក្រុមមានគ្នា ៤នាក់ រួមមានម៉ូតូមួយគ្រឿង និងរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក បានចុះមកឃាត់ស្រ្តីខាងលើ រួមទាំងនារីម៉ាស្សា រុញចូលទៅក្នុងហាង បន្ទាប់មកដោយស្រ្តីជាអ្នកលក់កាហ្វេ គាត់មិនមានពាក់ព័ន្ធនោះទេ ក៏មានការប្រតាយប្រតប់ធ្វើឲ្យកម្លាំងជំនាញម្នាក់ បានវាយទៅលើស្រ្តីរងគ្រោះបណ្តាលឲ្យរងរបួសត្រង់ក្បាល រួចចាក់សោរជាប់នៅក្នុងហាង ហើយឡើងរថយន្តជិះគេចខ្លួនទៅបាត់ស្រមោល ក្រោយមកទៀតក៏ឃើញមានខាងកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសការជួញដូរមនុស្ស ចុះមកទីតាំងកើតហេតុបន្តផងដែរ ។


បច្ចុប្បន្ន កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសការជួញដូរមនុស្ស និងកាពារអនីតិជន បានឃាត់ខ្លួនមនុស្ស៣នាក់ប្រុសម្នាក់ និង ស្រ្តី២នាក់ នាំយកទៅសួរនាំបន្ត នៅនាយកដ្ឋានប្រឆាំងបទល្មើសការជួញដូរមនុស្ស។ ចំណែកឯស្រ្តីដែលត្រូវសមត្ថកិច្ចចាប់ច្រឡំ និងប្រើប្រាស់ហិង្សាបណ្តាលឲ្យរងរបួស ត្រូវបានដោះលែងវិញ ៕ ប្រភព៖ CEN