ដោយសារគ្មានលុយថ្លៃបណ្តាការ ជនសង្ស័យម្នាក់ ដាច់ចិត្តហ៊ាន អារ.ក ស្លាប់មិត្តភក្តិរបស់ខ្លួនឯងប្លន់យកម៉ូតូលក់ ចុងក្រោយជាប់ខ្នោះរបស់សមត្ថកិច្ច ។ សពជនរងគ្រោះត្រូវបានគេប្រទះឃើញដេកថ្កាប់មុខនៅក្នុងទឹកថ្លុក ខាងជើងរោងម៉ាស៊ិនកិនស្រូវអប្សរា រ៉ាយ ភូមិស្រះកៃវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោងជិត ៨ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណយ ចាន់ណៃ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ទីលំនៅភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវ ។ យោងតាមការពិនិត្យឃើញថា សពជនរងគ្រោះមានស្លាកស្នាមអារ.ក ពីមុខជិតដាច់, ស្នាមចាក់គល់.ក ១កាំបិត, ឆ្អឹងជំនីរធ្វេង ៥កាំបិត, កំភួនដៃឆ្វេង ១កាំបិត និងខ្នងដៃឆ្វេង១កាំបិត ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញកាំបិតចុងស្រួចដងជ័រពណ៌ខ្មៅ ចំនួន ០១ ។

យោងតាមការបភ្លឺពីម្តាយជនរងគ្រោះថា មានបាត់ម៉ូតូ HONDA C125ស៊េរី២០២៣ពណ៌ខ្មៅ នោះសមត្ថកិច្ចបានធ្វើការសន្និដ្ឋាន ជាករណីឃាតកម្មគិតទុកជាមុន (សម្លាប់យកម៉ូតូ) ជនសង្ស័យស្គាល់គ្នានឹងជនរងគ្រោះ ។

ក្រោយពីកំណត់ជនសង្ស័យ បានកម្លាំងការិ.នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលក្រុងឧដុង្គម៉ែជ័យ ដេញតាមបង្រ្កាប ដល់ភ្នំពេញហើយជនសង្ស័យបានជិះរថយន្តឈ្នួល គោលបំណងគេចទៅខេត្តពោធិសាត់ មកដល់ចំនុចស្ពានព្រែកក្តាម ផ្លូវជាតិលេខ៥ បានសហការជាមួយស្រុកពញាឮឃាត់ខ្លួនជនសង្ស័យបានឈ្មោះ ពេជ្រ រ៉ាវី ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លយនគេ ពិតជាបានចាក់ និងអារ.ក សម្លាប់ជនរងគ្រោះយកម៉ូតូ ដើម្បីលក់យកលុយទៅដណ្តឹងប្រពន្ធ នៅខេត្តតាកែវ ប្រាកដមែន ។ រីឯម៉ូតូជនរងគ្រោះ ខ្លួនបានយកទៅលក់នៅភ្នំពេញ តែមិនមានអ្នកទិញទុកចោលនៅផ្សារនាគមាស ។ បន្ទាប់ពីស្តាប់ចម្លើយរបស់ជនសង្ស័យ សមត្ថកិច្ចបានន្តរកឃើញម៉ូតូ ជនរងគ្រោះ ដែលជនសង្ស័យយកទៅស៊ីគ្រឿង បូមមុខក្រោយ កុងទ័រស៊ីម៉ាំង កាបាំង ហើយផ្លុងទុកចោលនៅផ្សារនាគមាស ៕



