Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន រួមនឹងបក្ខពួក ​ត្រូវតុលាការឃុំខ្លួន ក្រោមបទចោទ…
    សន្តិសុខសង្គម

    អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន រួមនឹងបក្ខពួក ​ត្រូវតុលាការឃុំខ្លួន ក្រោមបទចោទ…

    November 14, 2023Updated:November 16, 20235 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សឿន ចរិយា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និងបក្ខពួក ៤នាក់ទៀត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមបទចោទ «ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)» ។

    អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនខាងលើឈ្មោះ វ៉ាន់ កុសល ភេទប្រុស (ឋានន្ដរស័ក្ដិ ឧត្តមសេនីយ៍ទោ) ។ រីឯបក្សពួក ៤នាក់ទៀត រួមមាន៖ ១​.ឈ្មោះ ជួន លឹមហេង ភេទប្រុស, ២.ឈ្មោះ អុន សំអូន ភេទប្រុស, ៣.ឈ្មោះ នេត សុខុម ភេទប្រុស និងទី៤.ឈ្មោះ ឈាវ ស៊ីដេត ភេទប្រុស ។

    ទាក់ទិនករណីនេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរៀបរាប់អំពីដំណើររឿងថា៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រុមជនសង្ស័យខាងលើ ព្រមទាំងបក្ខពួក បានធ្វើសកម្មភាពឃាត់រថយន្តរបស់ជនរងគ្រោះជាជនជាតិចិន ចំនួន៣ករណី៖

    -ករណីទី១៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២២៖០០នាទី ក្រុមជនសង្ស័យ និងបក្ខពួក បានធ្វើសកម្មភាពឃាត់រថយន្តម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AW-2116 និងឃាត់ខ្លួនជន រងគ្រោះជាជនជាតិចិនចំនួន ៤នាក់ នៅចំណុចម្តុំក្បាលថ្នល់ ខណ្ឌចំការមន ​យកទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការឆែកឆេរ ដោយរកឃើញម្សៅពណ៌ទឹកក្រូច ចំនួន ១កញ្ចប់ថង់តូចនៅក្នុងរថយន្ត រួចចោទ ប្រកាន់ជនរងគ្រោះថា បានរក្សាទុកគ្រឿងញៀន ។

    បន្ទាប់មក ក្រុមជនសង្ស័យបានបញ្ជូនជនរងគ្រោះទាំង ៤នាក់ ទៅបន្ទប់ឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីបង្ខាំងជនរងគ្រោះ បន្ទាប់មកទៀតក្រុមជនសង្ស័យបានទៅជួបជនរងគ្រោះ និងចរចាររឿងតម្លៃ ក្នុងការដោះលែងឲ្យមានសេរីភាព ដោយតម្រូវឲ្យបង់ប្រាក់ក្នុងមួយនាក់ ១០.០០០ដុល្លារ ជាថ្នូរនឹងការដោះលែង ។ រហូតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៥៖០០នាទី ក្រុមជនសង្ស័យ បានទៅជួបជនរងគ្រោះម្តងទៀត ហើយក៏បានធ្វើការសម្របសម្រួល ឲ្យជនរងគ្រោះបង់ប្រាក់ត្រឹម ចំនួន ១៥.០០០ដុល្លារ ដើម្បីជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពវិញ ។

    -ករណីទី២៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២៣៖០០នាទី មានជនជាតិចិនចំនួន ៤នាក់ ជិះរថយន្តម៉ាក TOYOTA RALLY HILUX REVO ពាក់ស្លាកលេខភ្នំពេញ 2BB-0037 ចេញពីណាហ្គាវើលភេទប្រុស ឈ្មោះ LI LEI ភេទប្រុស ឈ្មោះ LI YUNSHUAI ភេទប្រុស និងឈ្មោះ HU BANGCAI ភេទប្រុស រួចបានធ្វើការវាយខ្នោះចូលក្នុងរថយន្ត បញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការឆែកឆេរដោយរកឃើញម្សៅពណ៌សចំនួន ១កញ្ចប់ថង់តូច រួចចោទប្រកាន់ជនរងគ្រោះថា បានរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបានបញ្ជូនជនរងគ្រោះទៅបន្ទប់ឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីបង្ខាំង ។

    លុះដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៥៖០០នាទី ក្រុមជនសង្ស័យបានទៅជួបជនរងគ្រោះ ដើម្បីចរចារពីតម្លៃក្នុងការដោះលែងឲ្យមានសេរីភាពវិញ ដោយតម្រូវឲ្យបង់ប្រាក់ក្នុងម្នាក់ចំនួន ១០.០០០ដុល្លារ ជាថ្នូរនឹងការដោះលែង ។ ក្រោយបង្ខាំងអស់ជាង ១យប់ ក្រុមជនសង្ស័យបានមកចរចារពីតម្លៃក្នុងការដោះលែងឲ្យមានសេរីភាពម្តងទៀត ពេលនោះជនរងគ្រោះឈ្មោះ ZHU JIWANG បានយល់ព្រមប្រគល់ទូរស័ព្ទរួមទាំងលេខសម្ងាត់គណនីធនាគារ ABA ទៅឲ្យក្រុមជនសង្ស័យ ។

    ក្រុមជនសង្ស័យបានឆែកឃើញមានទឹកប្រាក់ចំនួន ៣៣.០០០ដុល្លារ បន្ទាប់មកក្រុមជនសង្ស័យបានឲ្យជនរងគ្រោះទាំង ៤នាក់ ធ្វើលិខិតផ្ទេរសិទ្ធិដើម្បីទៅដកប្រាក់ពីធនាគារ ABA ដោយក្រុមជនសង្ស័យបានផ្ទេរប្រាក់តាមរយៈ E-CASH ដើម្បីឲ្យក្រុមជនសង្ស័យអាចដកប្រាក់បាន ។ បន្ទាប់ពីដកប្រាក់បានហើយក្រុមជនសង្ស័យបានបង្ខំឲ្យជនរងគ្រោះ ធ្វើលិខិតប្រគល់ប្រាក់ក្រោមរូបភាពជូនជាសាគុណ ក្នុងការដោះលែង ។ ក្នុងករណីនេះ ក្រុមជនសង្ស័យបានយកប្រាក់ពីជនរងគ្រោះសរុបចំនួន ៤២.៧០០ដុល្លារ និងដកហូតប្រាក់យ័ន្តចំនួន ២.២០០យ័ន្ត ដើម្បីជាថ្នូរនឹងការ ដោះលែងឲ្យមានសេរីភាពវិញ ។

    -ករណីទី៣៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២២៖២៥នាទី ជនរងគ្រោះជនជាតិចិនឈ្មោះ ZHANG BOHAN ភេទប្រុស និងមិត្តភក្តិរួមដំណើរជាជនជាតិចិន ចំនួន ៣នាក់ បានជិះរថយន្តម៉ាក RANG ROVER ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AP-5777 បានចេញពីផ្ទះលេខD18 ផ្លូវDAWIN បុរីវីរជន (កោះពេជ្រ) គោលបំណងទៅខុនដូរ CITY DINES ត្រូវបានក្រុមជនសង្ស័យប្រើប្រាស់រថយន្ត៤គ្រឿង និងម៉ូតូ១គ្រឿង ធ្វើសកម្មភាពស្ទាក់ភ្លង់ដោយអាវុធ AK47 នៅចំណុចមុខសារមន្ទីរព្រះឥសានវរ្ម័ន ផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប៉ុន្តែករណីនេះពុំបានសម្រេចដោយហេតុថា ជនរងគ្រោះបានបើករថយន្តគេចខ្លួនរួច ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.