មន្ត្រីយោធាម្នាក់ បានដកកាំភ្លើងខ្លីម៉ាក់រ៉ូឡូបាញ់ឡើងលើចំនួនមួយគ្រាប់ ក្រោយផឹកស្រវឹងមានទំនាស់ពាក្យសម្ដីនឹងគ្នា ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង ៨យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា មន្ត្រីយោធាដែលប្រើប្រាស់អាវុធខ្លីបាញ់ឡើងលើមួយគ្រាប់ឈ្មោះ ឡោ ប៊ុនភ័ក្រ្ត ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បម្រើការងារនៅកងអន្តរាគមន៍លេខ ៧០ នៃកងយុទ្ធពលខេមរៈភូមិន្ទ ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ មន្ត្រីយោធាខាងលើ រួមនឹងមិត្តភក្កិម្នាក់ទៀត បានមកលេងផ្ទះឈ្មោះ ផូ កូលាប ភេទស្រីអាយុ ៤៦ ឆ្នាំមានទីលំនៅភូមិឃុំកើតខេត្តខាងលើ។រួចក៏មានការផឹកស៊ីផងដែរ ។ លុះរហូតដល់ម៉ោងជាង ៨យប់ ស្រាប់តែមានទំនាស់ពាក្យសំដីនឹងគ្នា ហើយមន្ត្រីយោធារូបនោះ ក៏បានដកកាំភ្លើងខ្លីម៉ាក់ រ៉ូឡូ បាញ់ឡើងលើមួយគ្រាប់ ជាការគំរាម ធ្វើឲ្យមានការឆោឡោឡើង រួចក៏ត្រូវបានសមត្ថកិច្ចកងរាជវុធហត្ថ ខេត្តធ្វើការឃាត់ខ្លួនយកមកសាកសួរ និងកំពុងបន្តការសាកសួរនៅឡើយ នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា នេះ ៕