ព្រះសីហនុ៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធនឹងករណីហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងធ្វើឲ្យខូចខាតដោយចេតនា (ដកបង្គោលរបងថ្មព័ទ្ធលួស និងបំផ្លិចបំផ្លាញដំណាំហូបផ្លែជាច្រើនដើម) ។
ការឃាត់ខ្លួននេះ ធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុក ឧត្តម ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ដែលបានប្តឹងមកការិយាល័យព្រហ្មទណ្ឌ កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ។
ជនសង្ស័យទាំងពីរនាក់ខាងលើ ទី១‑ឈ្មោះ ខេង សុខុម ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នក្រុមទី២១ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ និងទី២-ឈ្មោះ ឡុញ សុខហេង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អីវ៉ាន់អនឡាញ ទីលំនៅបច្ចុប្បន្នភូមិទទឹម ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ។
បើតាមមន្ត្រីអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទី ដោយមានការអនុញ្ញាតពីតំណាងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញបានចុះទៅចំណុចក្រុមទី២១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាទីតាំងកើតហេតុ ក្នុងនោះកម្លាំងជំនាញបាននាំខ្លួនមនុស្ស ចំនួន០២នាក់ ខាងលើមកសួរនាំ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ។
ក្រោយពីបានធ្វើការស្តាប់ចម្លើយរបស់ដើមបណ្តឹង ឯកសារភស្តុតាងទាក់ទងនឹងការកាន់កាប់លើទីតាំងដី ព្រមទាំងបានស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរខាងលើ មានភាពស៊ីសង្វាក់គ្នាថា៖ ពួកខ្លួនពិតជាបានយកគ្រឿងចក្រទៅវាយកម្ទេចរបងនៅទីតាំងកន្លែងកើតហេតុនោះពិតប្រាកដមែន និងបានសាងសង់របងថ្មីលើទីតាំងខាងលើផងដែរ ហើយពួកខ្លួនធ្វើតាមការបញ្ជា និងចង្អុលបង្ហាញពីមេរបស់ខ្លួនឈ្មោះ ហង្ស បូរី ភេទស្រី ជនជាតិខ្មែរ និងឈ្មោះ ហោ សុខជា ភេទប្រុស ជនជាតិខ្មែរ ហើយការវាយនេះពួកខ្លួនពុំមានឯកសារណាមួយដែលបញ្ជាក់ពីកម្មសិទ្ធរបស់ឈ្មោះ ហង្ស បូរី នោះទេ។
បន្ទាប់ពីបានស្តាប់ចម្លើយ ពិនិត្យឯកសារភស្តុតាង និងចម្លើយសារភាពរបស់ជនសង្ស័យរួចមក ការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតែម្តង ៕



