ប្រជាពលរដ្ឋ លើកឡើងថា ការរស់នៅសព្វថ្ងៃគឺមានផលប៉ះពាល់យ៉ាងខ្លាំង ខែវស្សាវិញ គឺមានភក់បែកស្អិតរមួត ខ្លះរអិលដូចខ្លាញ់ ទៅមុខមិនរួច បង្កការរំខានដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ និងអ្នកដំណើរ ហើយបើខែប្រាំងវិញ គឺមានជង្ហុកធំៗដីហុយទាំងយប់ទាំងថ្ងៃដោយសារតែរថយន្តរបស់ក្រុបហ៊ុនក្រឡុកស៊ីម៉ង់ត៍ និងក្រុមហ៊ុនរថយន្តដឹកដីបើកឆ្លងកាត់ មិនតែប៉ុណ្ណោះនៅពេលយប់ រថយន្តធំៗបានបើកបង្កសម្លេង រំខានមិនអាចសម្រាន្តបានឡើយ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅផ្លូវបំបែកជាបួន ភូមិទួលប្រាសាទ ចំណុចក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍វិញ មួយថ្ងៃៗបែកភក់វ៉ក់ហូរទឹកទាំងខែប្រាំងវស្សា ធូលីស៊ីម៉ងត៍ ដីហ៊ុយ ប៉ះពាល់ដល់ការរស់នៅ និងសុខភាពប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ចំណែកផ្លូវខ្វាត់ខ្វែងជុំវិញភូមិវិញរាប់គីឡូម៉ែត្រ ក្លាយជាជង្ហុកធំៗ ខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ប្រជាពលរដ្ឋ បានបន្តទៀតថា ពួកគាត់មានការលំបាកខ្លាំងណាស់ព្រោះតែមានរថយន្តក្រឡុកស៊ីម៉ង់ត៍ រថយន្តដឹកដី-ថ្ម-ខ្សាច់ ដែលបង្កផលលំបាកយ៉ាងខ្លាំង សូម្បីតែក្មេងៗសិស្សានុសិស្សដែលជិះកង់ទៅរៀនក៏លំបាកដែរ ។ នៅពេលហូបបាយម្តងៗ គឺមានដីហុយស្ទើតែហូបមិនកើត ដូច្នេះគាត់សូមសុំណូមពរដល់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មេត្តាជួយដល់កូនចៅផងក្នុងការស្ថាបនាផ្លូវមួយខ្សែនេះ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ឃើញថាលំបាករាប់ឆ្នាំមកហើយ ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា៖ ផ្លូវនៅក្នុងភូមិទួលប្រាសាទ ពិតជាលំបាកមែន ដោយសារមានរថយន្តធំៗឆ្លងកាត់នៅទីនោះច្រើនធ្វើឲ្យមានជង្ហុកធំៗពិបាកធ្វើដំណើរ ។ តែក្នុងនាមអាជ្ញាធរ ក៏ធ្វើជាប្រចាំ ឈូសឆាយចាក់ថ្មមិច ដើម្បីសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋ ក៏ប៉ុន្តែមួយរយៈនេះ ដោយសារខែវស្សាទើបតែកន្លងផុត ផ្លូវនៅខូចមានការលំបាក នៅពេលផ្លូវស្ងួតអាជ្ញាធរនឹងចាប់ផ្តើមឈូសឆាយដាក់ថ្មមិចជូនពលរដ្ឋ ចំពោះការហ៊ុយខាងអាជ្ញាធរ និងចុះទៅអប់រំឲ្យក្រុមហ៊ុនទាំងនោះបាញ់ទឹកដើម្បីកុំឲ្យដីហ៊ុយប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋ ៕