ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពតាមក្រសួងព័ត៌មានសម្រេច លុបអាជ្ញាបណ្ណអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និងសមាគមអ្នកសារព័ត៌មាន ដែលបានចុះ បញ្ជីហើយមិនដំណើរការក្នុងរយៈពេល១ឆ្នាំ។ ដោយឡែក សម្រាប់ស្ថានីយទូរទស្សន៍ គ្រប់ប្រភេទទុកលទ្ធភាពជូនក្នុងរយៈពេល៣ឆ្នាំ ដោយសារប្រើទុនវិនិយោគច្រើន និងត្រូវសិក្សារយៈពេលយូរ។ នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដែល CNC ទទួលបាន។
ក្នុងឯកសារនោះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ជូនក្រសួងព័ត៌មានដោយណែនាំឱ្យម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលកំពុងដំណើរការផ្សាយដោយគ្មាន អាជ្ញាបណ្ណ ត្រូវមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីក្រសួងព័ត៌មានដោយទុករយៈពេល៣ខែ។ ផុតរយៈពេលកំណត់ បុគ្គលណាដែលធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដោយគ្មានច្បាប់អនុញ្ញាត ត្រូវប្រឈមចំពោះមុខច្បាប់។
ចំណែកឯអង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន និង ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពនៃការផ្សព្វផ្សាយ។
«ករណីម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយណាបំពានវិជ្ជាជីវៈ មិនព្រមអនុវត្តតាមការណែនាំ ក្រសួងព័ត៌មានត្រូវដកហូតអាជ្ញាបណ្ណ បញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ»។ នេះជាការគូសបញ្ជាក់របស់ឯកសារខាងលើ៕