សំណង់រឹងមាំដែលបានបុកគ្រឹះ និងសាងសង់លយចូលទៅក្នុងផ្ទៃទន្លេយ៉ាងច្បាស់ក្រឡែត របស់សិប្បកម្មផលិតទឹកត្រីយីហោ «លីម គឹមហុង» ស្ថិតក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ កំពុងតែបង្កជាសំណួរក្ដៅគគុកថា តើម្ចាស់ទីតាំងខាងលើនេះជាអ្នកណា ហើយមានរិទ្ធអំណាចធំធេងកម្រិតណា ទើបបានជាអាជ្ញាធរពាក់ព័ន្ធមិនហ៊ានចុះទប់ស្កាត់ ឬមិនហ៊ានក្អកសូម្បីតែបន្តិច បណ្ដោយឱ្យមានបទល្មើសសំណង់រំលោភដីរដ្ឋ និងបង្កក្លិនស្អុយប៉ះពាល់ដល់ប្រជាជនតាមអំពើចិត្តយ៉ាងដូច្នេះ?
សំណង់រឹងមាំដែលកំពុងបុកគ្រឹះលយចូលក្នុងផ្ទៃទឹកនេះ គឺកសាងឡើងក្នុងគោលបំណងបម្រើឱ្យខ្សែចង្វាក់ផលិតកម្ម និងការពង្រីកផ្ទៃដីអាជីវកម្មរបស់សិប្បកម្មទឹកត្រីខាងលើនេះតែម្ដង។ សកម្មភាពនេះ មិនត្រឹមតែរំលោភបំពានលើច្បាប់សំណង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពានយ៉ាងធ្ងន់ធ្ងរលើ អនុក្រឹត្យលេខ៩៨អនក្រ.បក ស្ដីពីការគ្រប់គ្រងអាងទន្លេ ដែលក្នុង មាត្រា៨ បានកំណត់យ៉ាងច្បាស់ថា សម្រាប់ដីចំណីច្រាំងទន្លេ ត្រូវរក្សាចម្ងាយយ៉ាងតិច ៥០ម៉ែត្រ ពីមាត់ច្រាំង។ ការយកផ្ទៃទន្លេដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ មកធ្វើជាទីតាំងបម្រើឱ្យផលប្រយោជន៍សិប្បកម្មឯកជនបែបនេះ គឺជាទង្វើខុសច្បាប់យ៉ាងចំហបំផុត។
មិនត្រឹមតែរំលោភយកដីចំណីច្រាំង និងផ្ទៃទន្លេប៉ុណ្ណោះទេ ទីតាំងសិប្បកម្មដដែលនេះក៏បាននិងកំពុងបង្កក្លិនស្អុយឆ្អាលឆួលចេញពីអាងត្រាំត្រីជារៀងរាល់ថ្ងៃ ដែលប៉ះពាល់ដល់សុខុមាលភាព និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងខ្លាំង។
អ្វីដែលកាន់តែហួសចិត្តបំផុតនោះ គឺភាពមិនច្បាស់លាស់របស់លោកមេឃុំពញាឮ ដែលដំបូងឡើយបានអះអាងយ៉ាងពេញមាត់ប្រាប់អ្នកសារព័ត៌មានថា ម្ចាស់សិប្បកម្មមានច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវចេញពីថ្នាក់ស្រុក។ ប៉ុន្តែនៅពេលអ្នកសារព័ត៌មានដេញដោលរកឯកសារច្បាប់ដែលត្រូវតម្កល់នៅសាលាឃុំ លោកនិយាយថាពុំមានទៅវិញ។ កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត នៅពេលសួរដេញដោលឱ្យទាល់ច្រកថា បើគ្មានឯកសារតម្កល់ តើលោកមេឃុំដឹងថាមានច្បាប់ដោយរបៀបណា លោកមេឃុំក៏បានទទួលស្គាល់ និងឆ្លើយស្របតាមការលើកឡើងរបស់អ្នកសារព័ត៌មានថា ការអះអាងរបស់លោក គឺពិតជាផ្អែកទៅតាមសម្តីរបស់ម្ចាស់សិប្បកម្មប្រាប់ពិតប្រាកដមែន។
ផ្ទុយពីការជឿតាមម្ចាស់សិប្បកម្មរបស់លោកមេឃុំ លោក ហ៊ាង គង់ផេង ប្រធានភូមិបាលស្រុកពញាឮ បានបញ្ជាក់យ៉ាងច្បាស់ៗថា សិប្បកម្មនេះមានច្បាប់អនុញ្ញាតឱ្យសាងសង់ត្រឹមត្រូវតែនៅផ្នែកខាងមុខប៉ុណ្ណោះ។ ចំពោះការសាងសង់នៅផ្នែកខាងក្រោយដែលរំលោភចូលទៅក្នុងផ្ទៃទន្លេនោះ គឺពុំមានច្បាប់អនុញ្ញាតឡើយ ហើយខាងមន្ត្រីជំនាញក៏មិនអាចចេញច្បាប់ឱ្យបានដែរ។
ទោះជាបទល្មើសសំណង់រំលោភទន្លេ និងការបង្កក្លិនស្អុយប៉ះពាល់ដល់ប្រជាជនបង្ហាញរូបរាងយ៉ាងចំហយ៉ាងណាក៏ដោយ ក៏មន្ត្រីពាក់ព័ន្ធថ្នាក់ខេត្ត និងស្រុកហាក់បង្ហាញពីភាពព្រងើយកន្តើយ។ លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹកខេត្តកណ្ដាល បានត្រឹមចូលអានសារតែមិនឆ្លើយតប ចំណែក លោក ពៅ សោម៉ាណាក់ ប្រធានមន្ទីរបរិស្ថានខេត្ត ឆ្លើយយ៉ាងខ្លីត្រឹមពាក្យ «អរគុណ!»។ រីឯលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ វិញ ក៏មិនឆ្លើយតបសារ ហើយនៅពេលទូរស័ព្ទទៅសាកសួរផ្ទាល់ លោកឆ្លើយយ៉ាងខ្លីថា «កំពុងជាប់ប្រជុំ» រួចបិទទូរស័ព្ទ។
តើភាពស្ងៀមស្ងាត់ និងការឆ្លើយយករួចខ្លួនរបស់មន្ត្រីពាក់ព័ន្ធខាងលើ កំពុងតែបង្ហាញពីការពាក់ព័ន្ធនឹងផលប្រយោជន៍ ឬមានខ្នងបង្អែកណាមួយនៅពីក្រោយដែរឬទេ? មហាជនកំពុងរង់ចាំមើលថា តើរដ្ឋបាលខេត្តកណ្ដាលនឹងមានវិធានការក្ដៅចុះរុះរើសំណង់រំលោភទន្លេនេះ ឬបន្តបណ្ដែតបណ្ដោឱ្យម្ចាស់សិប្បកម្ម «លីម គឹមហុង» រំលោភច្បាប់តាមអំពើចិត្តតទៅទៀត?
