ជនសង្ស័យពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ភូមិធំ សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន រួមជាមួយនឹងវត្ថុតាងថ្នាំញៀនចំនួន ៣កញ្ចប់ ខណៈដែលបក្ខពួក ២នាក់ទៀតបានរត់គេចខ្លួនបាត់។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៩ កុម្ភៈ ២០២៦ វេលាម៉ោង ២១ និង៤៥នាទី នៅក្បែររបងវត្តកៀនស្វាយក្រៅ ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់រួមមាន ទី១ឈ្មោះ អ៊ិន ថាន់ (ប្រុស, ៤៣ឆ្នាំ) មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ (ជាអ្នកត្រូវឃាត់ខ្លួន) ទី២ឈ្មោះ ឈុន សុខាលុច្ស (ប្រុស, ២៩ឆ្នាំ) មានទីលំនៅភូមិភូមិធំ (រត់គេចខ្លួន) និងទី៣ឈ្មោះ នួន ចាន់ធី (ប្រុស, ៣៣ឆ្នាំ) មានទីលំនៅភូមិភូមិធំ (ជាមេក្លោងកំពុងរត់គេចខ្លួន)។ លោកអធិការបានបន្តថា វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបានពីជនសង្ស័យឈ្មោះ អ៊ិន ថាន់ រួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៣កញ្ចប់ (ធំ១ និងមធ្យម២ ទម្ងន់ ១៥,៨៥ក្រាម), ទូរស័ព្ទដៃ ១គ្រឿង ម៉ាក Realme ពណ៌ស ព្រមទាំងសម្ភារៈប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
លោកអធិការបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍ភូមិធំ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានចេញល្បាតក្នុងភូមិសាស្រ្តឃុំភូមិធំ។ លុះមកដល់ចំណុចក្បែររបងវត្តកៀនស្វាយក្រៅ ក៏បានប្រទះឃើញជនសង្ស័យឈ្មោះ អ៊ិន ថាន់ និងឈ្មោះ ឈុន សុខាលុច្ស កំពុងអង្គុយនៅទីនោះគួរឲ្យសង្ស័យ។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនឈ្មោះ អ៊ិន ថាន់ និងត្រួតពិនិត្យរកឃើញថ្នាំញៀន ៣កញ្ចប់ និងកែវសម្រាប់ជក់ថ្នាំ ១ ចំណែកឯឈ្មោះ ឈុន សុខាលុច្ស បានរត់គេចខ្លួនបាត់ស្រមោល។
លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ អ៊ិន ថាន់ បានសារភាពថា ថ្នាំញៀន ៣កញ្ចប់នោះពិតជារបស់ខ្លួនប្រាកដមែន ដោយបម្រុងយកមកលក់ឲ្យឈ្មោះ ឈុន សុខាលុច្ស ក្នុងតម្លៃ ១០ម៉ឺនរៀល។ ជនសង្ស័យបានឆ្លើយទៀតថា ថ្នាំញៀនទាំងនេះខ្លួនបានទិញពីឈ្មោះ នួន ចាន់ធី ក្នុងតម្លៃ ២៤០ម៉ឺនរៀល (ជំពាក់ខ្លះ និងឲ្យលុយខ្លះ) ហើយខ្លួនធ្លាប់ទិញពីឈ្មោះនេះចំនួន ២៨ដងមកហើយដើម្បីយកមកលក់បន្ត។ ក្រោយទទួលបានចម្លើយសារភាព កម្លាំងសមត្ថកិច្ចបានចុះទៅដល់ផ្ទះរបស់ឈ្មោះ នួន ចាន់ធី តែជននេះបានរត់គេចខ្លួនបាត់ទៅហើយ។
បច្ចុប្បន្ន ជនសង្ស័យដែលឃាត់ខ្លួនបានរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ខណៈកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួក ២នាក់ទៀតដែលកំពុងរត់គេចខ្លួន៕

