ប្រជាពលរដ្ឋរស់នៅក្នុងភូមិទែន និងភូមិដើមឬស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ទទួលបាននូវចំណងដៃថ្មីគឺផ្លូវក្រាលបេតុងចំនួន ១ខ្សែប្រវែង ១៥០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរដែលធ្លាប់តែលំបាកខ្លាំងនារដូវវស្សា។ ពិធីបើកការដ្ឋានស្ថាបនាផ្លូវនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ កុម្ភៈ ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត បានមានប្រសាសន៍ថា ការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងនេះមានប្រវែង ១៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងមានស្ថាបនាលូមូលចំនួន ៣កន្លែងផងដែរ។ ការសាងសង់នេះគឺធ្វើឡើងតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលតែងតែជួបការលំបាកក្នុងការធ្វើដំណើរនាពេលកន្លងមក ជាពិសេសនៅរដូវវស្សាផ្លូវនេះមានជង្ហុក ដក់ទឹក ហុយ និងរអិល ដែលធ្វើឲ្យពិបាកដល់សិស្សានុសិស្សទៅសាលារៀន និងប្រជាពលរដ្ឋទូទៅក្នុងការប្រកបរបរប្រចាំថ្ងៃ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា សមិទ្ធផលផ្លូវបេតុងដែលធន់នឹងការបម្រែបម្រួលអាកាសធាតុនេះ គឺពិតជាបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ការអភិវឌ្ឍនេះក៏ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានកំណត់យកផ្លូវជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត បានណែនាំដល់កងវិស្វកម្មលេខ១៨០ស្ពានថ្នល់ ដែលទទួលការសាងសង់ផ្លូវបេតុងនេះ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាថាផ្លូវនេះមានគុណភាព និងប្រើប្រាស់បានយូរអង្វែង។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ សូមមានការយល់យោគ និងអធ្យាស្រ័យចំពោះការរំខាននានាក្នុងអំឡុងពេលសាងសង់ ហើយនៅពេលស្ថាបនារួចរាល់ សូមចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នាដោយកុំដឹកទំនិញលើសទម្ងន់ និងត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនផងដែរ៕

