មនុស្សប្រុសស្រីក្មេងចាស់ចំនួន ១០នាក់ បានរងរបួសធ្ងន់និងស្រាលជាបន្តបន្ទាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្ត ៣គ្រឿងបុកគ្នាពេញទំហឹង ដែលបង្កឡើងដោយការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១ មករា ២០២៦ វេលាម៉ោង ២១:២០នាទី នៅលើផ្លូវជាតិលេខ២១ ចំណុចភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ដបង្កម៉ាក HYUNDAI Starex ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្ដាល 2D-6553 បើកបរក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ-កោះធំ) ដោយអ្នកបើកបរបានរត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់។ លោកអធិការ បានបន្តថា ពេលមកដល់ចំណុចកើតហេតុ រថយន្តបង្កបានឡើងវ៉ាជែងរថយន្ដដឹកទំនិញមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពត 3A-0747 បើកបរដោយឈ្មោះ លន ដា (ប្រុស, ៥៣ឆ្នាំ) មានអ្នករួមដំណើរ ៣នាក់។
លោកអធិការ បានបញ្ជាក់ទៀតថា ក្នុងពេលវ៉ានោះ រថយន្តបង្កបានជ្រុលទៅបុកជាមួយរថយន្ដមួយគ្រឿងទៀតម៉ាក TOYOTA CAMRY ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2A-4300 បើកបរក្នុងទិសដៅបញ្ច្រាសគ្នាដោយឈ្មោះ ឌូ ធី (ប្រុស, ៥២ឆ្នាំ) រួមដំណើរជាមួយប្រពន្ធ និងកូនចំនួន ៥នាក់។ កម្លាំងបុកបានធ្វើឲ្យរថយន្ដ Camry ខ្ទាតមកបុកជាមួយរថយន្ដដឹកទំនិញបន្ថែមទៀត បណ្ដាលឲ្យខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបណ្ដាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងសងខាងសរុប ១០នាក់ បានរងរបួស ក្នុងនោះធ្ងន់ ៣នាក់ និងស្រាល ៧នាក់ ដែលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងយករថយន្តទាំង ៣គ្រឿង ដែលរងការខូចខាតធ្ងន់ធ្ងរទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ តាមការសន្និដ្ឋានបឋម គ្រោះថ្នាក់នេះបណ្តាលមកពីអ្នកបើកបររថយន្ដ Starex បើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន និងធ្វេសប្រហែស៕


