ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងស្តីពីការបិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ចាប់ពីគីឡូម៉ែត្រទី ២+៨០០ ដល់ផ្លូវជាតិលេខ១ ដើម្បីអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។ ការបិទផ្លូវនេះនឹងចាប់ផ្តើមពីថ្ងៃទី១ កញ្ញា ២០២៥ វេលាម៉ោង ៧:០០ព្រឹក រហូតដល់ថ្ងៃទី១ កុម្ភៈ ២០២៨។
តាមសេចក្តីជូនដំណឹងបានឲ្យដឹងថា គម្រោងសាងសង់ស្ពាននេះមានទីតាំងផ្នែកខាងលិចនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងផ្នែកខាងកើតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ដើម្បីឲ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន ក្រសួងបានរៀបចំផែនការបង្វែរទិសចរាចរណ៍ជាបណ្តោះអាសន្នដូចខាងក្រោម៖
* យានយន្តធុនស្រាល អាចធ្វើចរាចរណ៍តាមផ្លូវលេខ ១១៦A។
* យានយន្តធុនធ្ងន់ ត្រូវធ្វើចរាចរណ៍តាមផ្លូវលេខ ១២A។
* ចំពោះផ្លូវជាតិលេខ១ ដែលគម្រោងត្រូវឆ្លងកាត់ គឺនៅរក្សាការធ្វើចរាចរណ៍ធម្មតា។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានសំណូមពរដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ មេត្តាជ្រាប យោគយល់ និងអនុវត្តតាមការណែនាំនេះដោយអនុគ្រោះ។ ក្រសួងក៏បានស្នើដល់អង្គភាព និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ឲ្យជួយផ្សព្វផ្សាយព័ត៌មាននេះឲ្យបានទូលំទូលាយដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។


