កណ្ដាល៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅក្នុងផ្ទះរបស់បក្សពួកម្នាក់ដែលបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៥ សីហា ២០២៥ វេលាម៉ោង ១២:៣០នាទី នៅចំណុចភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ វី យ៉ាម៉ា ហៅ ឆឹង ខ្លុយ (ប្រុស, ២៧ឆ្នាំ) និងឈ្មោះ រឿន ជន (ប្រុស, ២៩ឆ្នាំ)។ ចំណែកឯបក្សពួកម្នាក់ទៀតដែលបានរត់គេចខ្លួនបាត់នោះមានឈ្មោះ ជ័យ វិរះ ហៅ ឡយ (ប្រុស)។
លោកអធិការបានបន្តថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀននៅក្នុងផ្ទះរបស់ឈ្មោះ ជ័យ វិរះ (ឡយ) កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ។ ពេលនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើ និងបានធ្វើការត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន ៧កញ្ចប់តូច ដែលមានទម្ងន់ ១,១៣ក្រាម រួមជាមួយទូរសព្ទ ២គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់បានសារភាពថា ម្សៅក្រាមពណ៌សថ្លាទាំងនោះពិតជារបស់ពួកខ្លួនប្រាកដមែន ហើយបានយកពីឈ្មោះ ជ័យ វិរះ (ឡយ) ដើម្បីទុកលក់បន្ត។ បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕