កណ្ដាល៖ បុរសម្នាក់នៅក្រុងអរិយក្សត្រ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីយកកាំបិតបុ័ងតោច្រលក្បាលនារីម្នាក់ ខណៈជនសង្ស័យរូបនេះក៏មានសារធាតុញៀនក្នុងខ្លួនផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៤ សីហា ២០២៥ វេលាម៉ោង ១១:១៥នាទី ស្ថិតនៅចំណុចក្នុងផ្ទះមួយកន្លែង ក្នុងភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អោប ចំរើន (ប្រុស, ៣៨ឆ្នាំ) បានធ្វើសកម្មភាពគំរាមកំហែងនារីរងគ្រោះឈ្មោះ សុខ នឿន (ស្រី, ២៨ឆ្នាំ) ដោយយកកាំបិតបុ័ងតោច្រលក្បាល និងនិយាយគំរាមថា “កុំចង់ខ្លាំង” ខណៈដែលជនរងគ្រោះកំពុងនិយាយជាមួយយាយរបស់ខ្លួន។ ការគំរាមកំហែងនេះ គឺបន្តពីការឈ្លោះប្រកែកគ្នាពីមុនមក ដែលជនសង្ស័យធ្លាប់បានចោទប្រកាន់ប្ដីរបស់នារីរងគ្រោះថា បានខលប្រាប់សមត្ថកិច្ច រហូតដល់កាន់កាំបិតផ្គាក់រត់រកកាប់ថែមទៀតផង។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានទៅប្ដឹងសមត្ថកិច្ចភ្លាមៗ ហើយកម្លាំងនគរបាលក៏បានចុះទៅដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ អោប ចំរើន ព្រមទាំងចាប់យកវត្ថុតាងជាកាំបិតបុ័ងតោសម្រាប់កាប់ជ្រូក ១ដើម។ ក្រោយពីធ្វើតេស្តិ៍ទឹកនោម ជនសង្ស័យក៏បានបង្ហាញលទ្ធផលវិជ្ជមាន(+) មានសារធាតុញៀនក្នុងខ្លួនផងដែរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកកាំបិតបុ័ងតោច្រលក្បាលជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕