ខេត្តកណ្ដាល៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង កាលពីវេលាម៉ោង ១៨និង៣៥នាទីល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ ខណៈបក្ខពួក ២នាក់ទៀតបានរត់គេចខ្លួនបាត់។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ខន ពិសី (ស្រី, ១៩ឆ្នាំ) មុខរបរកម្មការិនី។ ចំណែកជនសង្ស័យដែលបានរត់គេចខ្លួនមានឈ្មោះ រិទ្ធ វ៉ាន់រាជ (ប្រុស, ២២ឆ្នាំ) មុខរបរមិនពិតប្រាកដ (ជាប្ដីរបស់ឈ្មោះ ខន ពិសី) និងឈ្មោះ មុំ រដ្ឋា (ស្រី, ៣៦ឆ្នាំ) មុខរបរមិនពិតប្រាកដ (ជាម្ដាយមីងរបស់ប្ដី)។ ក្រោយការពិនិត្យ ទឹកនោមរបស់ឈ្មោះ ខន ពិសី គឺអវិជ្ជមានសារធាតុញៀន។
លោកអធិការបានបន្តថា មុនពេលកើតហេតុ កម្លាំងនគរបាលបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អអំពីករណីជួញដូរគ្រឿងញៀននៅចំណុចខាងលើ។ ភ្លាមៗនោះ កម្លាំងជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ក៏ប្រទះឃើញឈ្មោះ មុំ រដ្ឋា និងឈ្មោះ រិទ្ធ វ៉ាន់រាជ បានរត់គេចខ្លួនបាត់។ ចំណែកឈ្មោះ ខន ពិសី និងកូនតូចអាយុ ១៨ខែ កំពុងអង្គុយនៅក្នុងបន្ទប់។ កម្លាំងសមត្ថកិច្ចក៏បានឃាត់សួរនាំ និងឆែកឆេររកឃើញថ្នាំញៀនចំនួន ០៨កញ្ចប់មធ្យម លាក់ទុកនៅក្នុងថង់ពណ៌ខ្មៅកប់ក្នុងបាវអង្ករ ហើយថ្នាំញៀនចំនួន ១១កញ្ចប់តូច ទៀត ត្រូវបានរកឃើញនៅលើពូកក្នុងផ្ទះជាន់ខាងលើ។
វត្ថុតាងដែលចាប់យកបានរួមមាន៖ ថ្នាំញៀន (ម៉ាទឹកកក) សរុប ០៨កញ្ចប់មធ្យម ទម្ងន់ ៧,៧៩ក្រាម និង ១១កញ្ចប់តូច ទម្ងន់ ២,០០ក្រាម, ជញ្ជីងសម្រាប់ថ្លឹងថ្នាំ ០១, ទូរស័ព្ទ OPPO ០២គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ថ្នាំមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ខន ពិសី បានឆ្លើយសារភាពថា ថ្នាំញៀន ០៨កញ្ចប់មធ្យម ដែលរកឃើញក្នុងបាវអង្ករពិតជារបស់ប្ដីខ្លួនឈ្មោះ រិទ្ធ វ៉ាន់រាជ។ ចំណែកថ្នាំញៀន ១១កញ្ចប់តូច ដែលទុកនៅជាន់លើជារបស់ម្ដាយមីងប្ដីខ្លួនឈ្មោះ មុំ រដ្ឋា។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ខន ពិសី រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕