ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ គណៈប្រតិភូខេត្តកណ្ដាល ដែលដឹកនាំដោយឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលទទួលបានពីសប្បុរសជននានាក្នុងខេត្តកណ្ដាល ទៅផ្តល់ជូនដល់វីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ។
បន្ទាប់ពីសំណេះសំណាលជាមួយកងទ័ព ប្រតិភូខេត្តកណ្ដាលក៏បានបន្តអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក កំពុងស្នាក់នៅបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ។
សម្ភារៈ និងគ្រឿងឧបភោគបរិភោគដែលរដ្ឋបាលខេត្តកណ្ដាលបានឧបត្ថម្ភរួមមាន៖ តង់ ៤៧, សាប៊ូលាងចាន ១០០ដប និង ១០០កេស, ភួយ ៥០០, អង្ករ ៤៤.៥០០គីឡូក្រាម, អំបិល ៣៥គីឡូក្រាម, នំ UN 900 ១០០កេស, ទឹកសុទ្ធ ១.០៥០កេស និង ១.៨៦៨យួរ, ពងទា ៨០.០០០គ្រាប់, មី ៣.៤៩០កេស, ភេសជ្ជៈ ៦០កេស, សៀងឆាសាច់ជ្រូក ៣១៨កំប៉ុង, ត្រីខ ១.១៦០យួរ, ត្រីងៀត ៥២គីឡូក្រាម, ត្រីឆ្អើរ ៤០ចង្កាក់, ទឹកម្ទេស ៥យួរ, ទឹកស៊ីអ៊ីវ ៧០០យួរ, ទឹកត្រី ១.០៦០យួរ, ប្រហុក ៣៣គីឡូក្រាម, ប្រេងឆា ៨៨ដប, សៀង ១៩៨គីឡូក្រាម, នំកញ្ចប់ ២កេស និង ១២០កញ្ចប់ និងបារី ១០កេស៕