ខេត្តកណ្ដាល៖ ក្មេងប្រុសអាយុត្រឹមតែ ១ឆ្នាំកន្លះម្នាក់ បានលង់ទឹកស្លាប់យ៉ាងគួរឲ្យសង្វេគ នៅក្រោមផ្ទះអ្នកជិតខាង ដែលមានចម្ងាយប្រហែល ៣០ម៉ែត្រពីផ្ទះរបស់ខ្លួន។ ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងកាលពីវេលាម៉ោង ១៣និង១០នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះ លីន ពន្លឺ (ប្រុស, ១ឆ្នាំកន្លះ) មានទីលំនៅភូមិកើតហេតុខាងលើ។ តាមការបំភ្លឺរបស់លោក ថុល លីន (ប្រុស, ២៧ឆ្នាំ) ដែលត្រូវជាឪពុករបស់ជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ រូបគាត់បានរៀបចំដាំបាយ ហើយបានដាក់កូនឲ្យដើរលេងនៅក្នុងផ្ទះ។ តែមួយសន្ទុះក្រោយមក កូនរបស់គាត់ក៏បានដើរចេញទៅក្រៅលេងជាមួយក្មេងៗជិតផ្ទះ។
លោកអធិការបានបន្តថា លុះដល់ម៉ោងប្រហែល ១៣និង១៥នាទី ស្រាប់តែមានអ្នកជិតខាងស្រែកប្រាប់ថា កូនរបស់គាត់លង់ទឹកហើយ។ ភ្លាមៗនោះ ឪពុករបស់ជនរងគ្រោះក៏ស្ទុះទៅមើល ក៏ប្រទះឃើញកូនប្រុសរបស់គាត់ដេកផ្កាប់មុខនៅក្នុងទឹកស្លាប់បាត់ទៅហើយ។ យោងតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ និងជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារឈ្លក់ទឹក។
ក្រោយពេលកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្អាង បានចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុ ដែលស្ថិតនៅក្រោមផ្ទះរបស់ឈ្មោះ ផន ផាន (ស្រី, ៦០ឆ្នាំ)។ សពមិនមានស្លាកស្នាមរងរបួសអ្វីគួរឲ្យកត់សម្គាល់នោះទេ ហើយក៏ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕