ជាការឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអនុវត្តតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ កក្កដា ២០២៥ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាសនូវដំណឹងដ៏សំខាន់មួយ។ ក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌ ដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលបានបំពេញប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធអំឡុងជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ធនាគារអេស៊ីលីដា នឹង លុបចោលបំណុលទាំងស្រុង ជូនដល់ យោធិនពលីជីវិត និងអ្នករួមខ្ចី ទាំងអស់។
ការសម្រេចចិត្តនេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ធនាគារ អេស៊ីលីដា នឹងសហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីសម្របសម្រួលកិច្ចការដ៏មានសារៈសំខាន់នេះឲ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។
ធនាគារ អេស៊ីលីដា ភីអិលស៊ី ក៏សូមជម្រាបជូនដល់អតិថិជន និងសាច់ញាតិយោធិនពលីទាំងអស់ ដែលរងនូវផលប៉ះពាល់ដូចបានប្រកាសខាងលើ សូមទំនាក់ទំនងទៅកាន់ការិយាល័យ-សាខាធនាគារ អេស៊ីលីដា ដែលនៅជិតបំផុត ដើម្បីទទួលបានព័ត៌មាន និងជំនួយចាំបាច់៕