Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » បំពានបំរាម! សំណង់រំលោភដីចំណីទន្លេនៅកៀនស្វាយ បន្តសាងសង់យ៉ាងរំភើយ៖ ចាំមើលម្ចាស់ខ្លាំងជាងរដ្ឋបាលស្រុក ឬយ៉ាងណា?
    សន្តិសុខសង្គម

    បំពានបំរាម! សំណង់រំលោភដីចំណីទន្លេនៅកៀនស្វាយ បន្តសាងសង់យ៉ាងរំភើយ៖ ចាំមើលម្ចាស់ខ្លាំងជាងរដ្ឋបាលស្រុក ឬយ៉ាងណា?

    July 16, 202530 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ ទោះបីជាមានច្បាប់ និងអនុក្រឹត្យការពារយ៉ាងណាក៏ដោយ ក៏ដីចំណីទន្លេបាសាក់នៅតែបន្តរងការរំលោភបំពានកាន់កាប់ និងសាងសង់សំណង់រឹងមាំជាហូរហែ។ ជាក់ស្តែង សំណង់រឹងរំលោភច្រាំងទន្លេមួយកន្លែងនៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ត្រូវបានរដ្ឋបាលស្រុកចុះផ្អាកម្ដងហើយ ប៉ុន្តែម្ចាស់នៅតែបន្តឲ្យក្រុមជាងសាងសង់យ៉ាងគឃ្លើន ដោយមិនញញើតញញើមនឹងច្បាប់បន្តិចសោះឡើយ។

    ប្រជាពលរដ្ឋភូមិព្រែកដូង២ ឃុំកំពង់ស្វាយ បានឲ្យដឹងថា ពួកគាត់មិនដឹងថាសំណង់នេះ មានច្បាប់ ឬយ៉ាងណានោះទេ ប៉ុន្តែបានឃើញម្ចាស់ចាក់ដី ធ្វើរបង រួចក្រុមជាងបាន​បុកគ្រឹះចូលក្នុងទន្លេ បណ្ដុះសសរឡើង​ ហើយពួកគាត់ក៏មិនច្បាស់ថា តើគេកំពុងសាងសង់អ្វីនោះដែរ។

    ពលរដ្ឋបានបន្តទៀតថា ក្រោយពីមានអ្នកសារព័ត៌មានចុះមកថតប៉ុន្មានថ្ងៃ ក៏មានមន្ត្រីសាលាស្រុកកៀនស្វាយ​ចុះមកពិនិត្យ ធ្វើកំណត់ហេតុ រួចត្រឡប់ទៅវិញ។ ប៉ុន្តែអ្វីដែលគួរឲ្យងឿងឆ្ងល់នោះ ក្រោយមន្ត្រីត្រឡប់ទៅវិញមិនបានប៉ុន្មានផង ក្រុមជាងបានចាប់ផ្ដើមសាងសង់ឡើងវិញយ៉ាងគឃ្លើន ហាក់បីដូចជាគ្មានអ្វីកើតឡើង។

    ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ក្រោយការហាមឃាត់ សំណង់ផ្នែកខាងត្បូងបានបញ្ឈប់សកម្មភាពតាមការណែនាំ ប៉ុន្តែទីតាំងនៅខាងជើងផ្លូវចុះទៅកំពង់ទឹក មិនបានអនុវត្តតាមឡើយ ហើយក្រុមជាងបន្តសាងសង់ដដែល។ សកម្មភាពនេះហាក់គ្មានការរំខានពីអាជ្ញាធរមូលដ្ឋានឡើយ ដែលធ្វើឲ្យពលរដ្ឋសង្ស័យថា ម្ចាស់ទីតាំងពិតជាមិនធម្មតា ហើយអំណាចត្រឹមថ្នាក់ស្រុក ហាក់ពុំទាន់គ្រប់គ្រាន់ក្នុងការហាមឃាត់ឡើយ។​ ដូច្នេះ សូមមន្ត្រីជំនាញថ្នាក់ខេត្ត ជាពិសេស ឯកឧត្តមអភិបាលខេត្ត មេត្តាចាត់មន្ត្រីចុះមកពិនិត្យ និងចាត់វិធានការ ដោយម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរំលោភបំពានដីចំណីទន្លេ កុំឲ្យក្លាយជាទម្លាប់តាមគ្នា ដែលអាចធ្វើទៅបានដោយសារអំណាចលុយ។

    ជុំវិញករណីនេះ អ្នកសារព័ត៌មានបានព្យាយាមសុំការពន្យល់ពីលោក កុយ ណារ៉ុង មេឃុំកំពង់ស្វាយ តាមរយៈ​​តេឡេក្រាម ប៉ុន្តែលោកពុំបានចូលស្តាប់សារសំឡេងហើយ មិនឆ្លើយតបអ្វីទាំងអស់។

    ចំណែកលោក កេត ផល ប្រធានការិយាល័យភូមិបាលស្រុកកៀនស្វាយ បានប្រាប់ឲ្យដឹងថា៖ ករណីសំណង់នោះ ជំនាញធ្លាប់បានសហការជាមួយអាជ្ញាធរចុះផ្អាកម្តងហើយ។ រីឯលោក ឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមរយៈតេឡេក្រាមថា លោកធ្លាប់បានឲ្យមន្ត្រីចុះទៅផ្អាកម្តងរួចមកហើយ ហើយនឹងចាត់ឲ្យអភិបាលរងចុះទៅពិនិត្យឡើងវិញ ដោយបញ្ជាក់ថា ប្រសិនបើម្ចាស់នៅតែបន្តធ្វើ មានតែគាត់រំលោភបំពានច្បាប់។

    គួរបញ្ជាក់ថា យោងតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ចុះថ្ងៃទី២៤ កក្កដា ២០១៥ ត្រង់មាត្រា ៨ បានចែងយ៉ាងច្បាស់ថា ដីចំណីមាត់ច្រាំងទន្លេ ត្រូវកំណត់ចម្ងាយ ៥០ម៉ែត្រ គិតចាប់ពីមាត់ច្រាំងទន្លេ។ ការសាងសង់សំណង់រឹងមាំរំលោភលើចំណីទន្លេនាពេលបច្ចុប្បន្ននេះ គឺពិតជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើខ្លឹមសារនៃអនុក្រឹត្យខាងលើ ដែលបង្ហាញពីភាពមិនគោរពច្បាប់របស់ម្ចាស់សំណង់ និងអាចបង្កើតជាគំរូអាក្រក់សម្រាប់អ្នកដទៃ ហើយក្នុងនាមអាជ្ញាធរ គួរណាស់ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ៕

     

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.