កណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនកាលពីវេលាម៉ោង ១០:០៥នាទីព្រឹក ថ្ងៃទី០៣ កក្កដា ២០២៥ ក្នុងករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀន (ម៉ាទឹកកក) ដោយខុសច្បាប់។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន គឺឈ្មោះ គួន ចាន់ធឿន ហៅស្វា (ប្រុស, ២៩ឆ្នាំ) ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជនសង្ស័យរូបនេះមានសារធាតុញៀនក្នុងទឹកនោម(+) ហើយធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន ២លើក ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន រយៈពេល ២ឆ្នាំ ក៏ដូចជាធ្លាប់រក្សាទុក និងប្រើប្រាស់គ្រឿងញៀនច្រើនលើកប្រហែល ៤ឆ្នាំមកហើយ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលបានគេចខ្លួន គឺឈ្មោះ ឌី វណ្ណដេត (ប្រុស, ៣១ឆ្នាំ) ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលក៏មានសារធាតុញៀនក្នុងទឹកនោម(+) ផងដែរ។ រីឯវត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ១កញ្ចប់តូច ទម្ងន់ ០.១០ក្រាម និងទូរសព្ទដៃ ១គ្រឿង ម៉ាកអុិនចុចពិល ពណ៌ខ្មៅ។
លោកអធិការបានឲ្យដឹងបន្ថែមទៀតថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល បានចុះល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ។ លុះដល់ចំណុចកើតហេតុ ក៏បានជួបជនសង្ស័យ ២នាក់កំពុងឈរតាមដងផ្លូវ។ ដោយមានការសង្ស័យ សមត្ថកិច្ចយើងក៏បានសួរនាំសុំធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ១កញ្ចប់តូច ដែលជនសង្ស័យឈ្មោះ គួន ចាន់ធឿន ហៅស្វា លាក់ទុកនៅក្នុងហោប៉ៅខោខាងស្តាំរបស់ខ្លួន។ ភ្លាមៗនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំបន្តនីតិវិធី។
លោកអធិការក៏បានបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ គួន ចាន់ធឿន ហៅស្វា បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន ១កញ្ចប់តូចនេះពិតជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានចូលលុយគ្នាជាមួយមិត្តភក្តិឈ្មោះ ឌី វណ្ណដេត ក្នុងម្នាក់ ៥.០០០រៀល ដើម្បីទៅទិញថ្នាំញៀនពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅម្តុំភូមិព្រៃគុយ ខេត្តកំពង់ស្ពឺ ក្នុងតម្លៃ ១០.០០០រៀល ដើម្បីយកមកប្រើប្រាស់ជាមួយគ្នា។
បច្ចុប្បន្ន ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕