ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាក្មេងទំនើង ដែលបានបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនាជាច្រើនលើក។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៥នាក់ ក្នុងចំណោម ៨នាក់។ ហេតុការណ៍ចុងក្រោយដែលនាំឲ្យមានការបង្ក្រាបនេះ បានកើតឡើងនៅថ្ងៃទី១៩ មិថុនា ២០២៥ វេលាម៉ោង ០០:៣៥នាទីរំលងអាធ្រាត្រ តាមបណ្ដោយផ្លូវលេខ៤១ ក្នុងភូមិអណ្ដូងទឹក ឃុំលំហាច ស្រុកអង្គស្នួល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមានចំនួន ៧នាក់ (ស្រី ១នាក់ ប្រុស ៦នាក់) រួមមាន៖ រឿង ដារ៉ា (ប្រុស, ១៩ឆ្នាំ) រស់នៅឃុំលំហាច ស្រុកអង្គស្នួល, យៅ រតនៈ (ប្រុស, ២២ឆ្នាំ) រស់នៅស្រុកកណ្ដាលស្ទឹង, មាស សុខមាន (ស្រី, ១៧ឆ្នាំ) រស់នៅឃុំពើក ស្រុកអង្គស្នួល, ង៉ែត ផល្លី (ប្រុស, ២២ឆ្នាំ) រស់នៅឃុំលំហាច ស្រុកអង្គស្នួល, ប៉ោ សុផាត (ប្រុស, ១៦ឆ្នាំ) រស់នៅស្រុកសំរោងទង, ទក់ សាំ (ប្រុស, ២៩ឆ្នាំ) រស់នៅស្រុកសូទ្រនិគម ខេត្តសៀមរាប, និងទក់ វិសៃ (ប្រុស, ៣២ឆ្នាំ) រស់នៅស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជនរងគ្រោះទាំងនេះបានទទួលពាក្យបណ្ដឹងពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៩ មិថុនា ២០២៥។
លោកអធិការបានឲ្យដឹងទៀតថា ជនសង្ស័យទាំង ៨នាក់ (ប្រុសទាំងអស់) រួមមាន៖ ជូ គីមស្រៀង ហៅ ជេ (ប្រុស, ២០ឆ្នាំ, មេក្លោង) រស់នៅឃុំព្រៃពួច ស្រុកអង្គស្នួល, ថាត ធៀវហ្វូ ហៅ ហ្វូ (ប្រុស, ១៧ឆ្នាំ) រស់នៅឃុំព្រៃពួច ស្រុកអង្គស្នួល, មឿន រី (ប្រុស, ២០ឆ្នាំ) រស់នៅឃុំពើក ស្រុកអង្គស្នួល, យ៉ុន ម៉េងហុង ហៅ ហុង (ប្រុស, ១៨ឆ្នាំ) រស់នៅឃុំព្រៃពួច ស្រុកអង្គស្នួល, និងអុល សុខចំរើន ហៅ រើន (ប្រុស, ១៦ឆ្នាំ) រស់នៅឃុំព្រៃពួច ស្រុកអង្គស្នួល។ ជនសង្ស័យទាំងអស់គ្មានសារធាតុញៀន (-). វត្ថុតាងដកហូតបានរួមមាន៖ អាវុធកែច្នៃ (ដាវ) ១ដើម និងកាំបិតផ្គាក់ដងដែក ១ដើម, ម៉ូតូ Honda C125 ពណ៌ខ្មៅ ចំនួន ២គ្រឿង (មួយគ្រឿងផលិតឆ្នាំ២០២១** ពាក់ផ្លាកលេខព្រៃវែង1T-1080 និងមួយគ្រឿងទៀតផលិតឆ្នាំ២០១៥ ពាក់ផ្លាកលេខកណ្តាល1U-5142), ទូរស័ព្ទដៃ ៧គ្រឿង (ម៉ាក iPhone11, iPhone 7plus, Oppo, VIVO Y15S, iPhoneXR, iPhone14promax, និង Oppo)**។
លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ (០:៣៥, ថ្ងៃទី១៩ មិថុនា ២០២៥) ជនរងគ្រោះបានចេញពីកន្លែងផឹកស៊ីនៅហាងជំនោរាត្រី។ ពេលជិះម៉ូតូដល់ចំណុចកើតហេតុ ស្រាប់តែមានបក្ខពួកជនសង្ស័យមួយក្រុមមានកាន់ដាវ និងកាំបិតផ្គាក់ ហើយបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួស និងកាប់ម៉ូតូបណ្ដាលឲ្យខូចខាត។ បន្ទាប់មក ក្រុមជនសង្ស័យបានជិះគេចខ្លួនទៅទិសខាងជើង។ ជនរងគ្រោះនៅកន្លែងកើតហេតុ ក៏បានរាយការណ៍ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលលំហាច។ ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍ សហការជាមួយផ្នែកជំនាញ និងប៉ុស្តិ៍ផ្សេងៗទៀត (ដំណាក់អំពិល, ពើក, សំរោងលើ, ក្រាំងម្កាក់) ចេញល្បាត ទើបឃាត់ខ្លួនជនសង្ស័យបាន ៥នាក់ រួមនឹងម៉ូតូ ២គ្រឿង និងដាវ ១ដើម។
លោកអធិការបានបន្ថែមទៀតថា មេក្លោងជូ គីមស្រៀង បានសារភាពថា ខ្លួននិងបក្ខពួកពិតជាបានកាប់ជនរងគ្រោះ និងបំផ្លាញម៉ូតូ។ ពួកគេភ័យពេកព្យាយាមបើកម៉ូតូគេចខ្លួនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យធ្លាក់ពីផ្លូវចូលក្នុងប្រឡាយអមផ្លូវ បណ្ដាលឲ្យមេក្លោងរបួសក្បាលដេរ ១០ថ្នេរ។ ជនសង្ស័យនិងបក្ខពួកក៏បានបន្តសារភាពថា នៅវេលាម៉ោងប្រហែល ២៣:៣០នាទី ថ្ងៃដដែល ពួកគេក៏បានធ្វើសកម្មភាពកាប់ម៉ូតូ១គ្រឿង និងកាប់ត្រូវមនុស្សស្រីម្នាក់ នៅចំណុចផ្លូវជាតិលេខ៤ ភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល។ កន្លងមក នៅថ្ងៃទី១៤ មិថុនា ២០២៥ វេលាម៉ោងប្រហែល ២២:៣០នាទី នៅមុខហាងម្លប់ឬស្សី ភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពកាប់ ២លើក រួចមកហើយ បណ្ដាលឲ្យត្រូវមនុស្សម្នាក់ និងកាប់ម៉ូតូ៣គ្រឿងខូចខាត។ លុះដល់ថ្ងៃទី១៥ មិថុនា ២០២៥ វេលាម៉ោង ១:៣០នាទីរំលងអាធ្រាត្រ នៅបណ្ដោយផ្លូវជាតិលេខ៥១ មុខសួនកាណាឌីយ៉ា ភូមិពណ្ណរាយ ឃុំសំរោងលើ ស្រុកអង្គស្នួល ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពកាប់ម៉ូតូ៣គ្រឿងខូចខាតផងដែរ។
លោកអធិការក៏បានបន្តថា មូលហេតុដែលពួកខ្លួនធ្វើសកម្មភាពកាប់គ្នាបែបនេះ គឺដោយកន្លងមកមានក្រុមផ្សេងធ្លាប់បានរករឿងវាយពួកខ្លួនមុន ទើបពួកខ្លួនមានគំនុំក៏បានបង្កើតក្រុមបក្ខពួកដោយមានដាវ និងកាំបិតផ្គាក់ ហើយចេញធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះទូទៅ ទោះមិនធ្លាប់មានរឿង ឬមិនស្គាល់គ្នាក៏ដោយ។
បច្ចុប្បន្ន ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី៕