Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ពលរដ្ឋ ១៩ភូមិ នៅក្រុងសំពៅពូន ទទូចសុំថ្នាក់ដឹកនាំជួយធ្វើប្លង់ដីស្រែ-ចម្ការ ដែលពួកគាត់កាន់កាប់ជាង ៤០ឆ្នាំ មកហើយ
    សន្តិសុខសង្គម

    ពលរដ្ឋ ១៩ភូមិ នៅក្រុងសំពៅពូន ទទូចសុំថ្នាក់ដឹកនាំជួយធ្វើប្លង់ដីស្រែ-ចម្ការ ដែលពួកគាត់កាន់កាប់ជាង ៤០ឆ្នាំ មកហើយ

    June 12, 2025Updated:June 12, 20253 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ប្រជាពលរដ្ឋជាង ១០០នាក់ តំណាងឲ្យ ១៩ភូមិ ក្នុងសង្កាត់ជ្រោយតាកែវ និងសង្កាត់ឈើខ្មៅ ក្រុងសំពៅពូន បាននាំគ្នាចូលសាលាសង្កាត់ឈើខ្មៅ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរ។ ពួកគាត់បានលើកឡើងនូវក្ដីព្រួយបារម្ភយ៉ាងខ្លាំងថា ដីស្រែ និងចម្ការដែលពួកគេបានកាន់កាប់បង្កបង្កើនផលចិញ្ចឹមជីវិតជាង ៤០ឆ្នាំ មកហើយនោះ មិនទាន់ត្រូវបានវាស់វែង និងធ្វើប្លង់កម្មសិទ្ធិស្របច្បាប់ឡើយ។ ពួកគាត់ចាត់ទុកថា ប្រសិនបើដីនេះត្រូវបាត់បង់ គឺប្រៀបដូចបាត់បង់ឆ្នាំងបាយអញ្ចឹង ដូច្នេះពួកគេទទូចសុំរដ្ឋបាលខេត្ត ជាពិសេសប្រមុខរាជរដ្ឋាភិបាល មេត្តាផ្ដល់បណ្ណ័កម្មសិទ្ធិដោយអនុគ្រោះ។

    ប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់ទាំងអស់ជាអ្នករស់នៅក្នុងសង្កាត់ទាំង ២នេះ បានកាន់កាប់អាស្រ័យផលដីនៅតំបន់បឹងក្នុង និងបឹងក្រៅ តាំងពីអំឡុងឆ្នាំ ១៩៧៩-១៩៨០ មកម្ល៉េះ។ ក្នុងរយៈពេលជាង ៤០ឆ្នាំ នេះ ពុំដែលមានបញ្ហា ទំនាស់ ឬការហាមឃាត់អ្វីឡើយ ហើយក៏មានការគាំទ្រ និងទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានថែមទៀតផង។ ប៉ុន្តែ កាលពីឆ្នាំ២០២៤ កន្លងទៅ ពេលក្រុមមន្ត្រីចុះបញ្ជីរដីធ្លីជាប្រព័ន្ធ បានចុះមកវាស់វែង និងធ្វើប្លង់ជូនប្រជាជន គេបានវាស់ និងធ្វើប្លង់ឲ្យតែដីនៅតំបន់ក្បែរៗប៉ុណ្ណោះ រីឯដីរបស់ពួកគាត់គេអត់វាស់ឲ្យ ទើបធ្វើឲ្យមានការងឿងឆ្ងល់ និងចេះតែរង់ចាំមើល។ ដោយនៅតែមិនឃើញមានដំណោះស្រាយ ទើបពួកគាត់នាំគ្នាមកសាលាសង្កាត់ ដើម្បីសុំឲ្យចៅសង្កាត់ជួយបញ្ជូនសំណើររបស់ពួកគាត់ទៅថ្នាក់លើ ដើម្បីជួយធ្វើប្លង់ឲ្យ។

    ពួកគាត់បានបន្តថា គ្រួសារនីមួយៗមានតែដីស្រែ ចម្ការ បន្តិចបន្តួចប៉ុណ្ណោះ ដើម្បីបង្កបង្កើនផលចិញ្ចឹមជីវិត ដោយក្នុង ១ឆ្នាំ ធ្វើស្រែ ចម្ការ រហូត ២ដងឯណោះ។ ដោយសារព្រួយបារម្ភខ្លាចបាត់បង់ដី ដែលជាឆ្នាំងបាយរបស់ខ្លួន ទើបបានជានាំគ្នាដាក់សំណើរសុំឲ្យចៅសង្កាត់ជួយពាំនាំសំណើរទៅថ្នាក់លើ ដើម្បីជួយចេញប្លង់ស្របច្បាប់ ជាទំនុកចិត្ត ងាយស្រួលបែងចែកទៅកូនចៅ ឬក៏ដាក់បញ្ចាំនៅធនាគារយកប្រាក់មកពង្រីកមុខរបរ បន្តការដាំដុះ។ ពួកគាត់ស្នើសុំថ្នាក់ដឹកនាំខេត្ត និងប្រមុខរាជរដ្ឋាភិបាល មេត្តាពិនិត្យសម្រេចចុះបញ្ជីរដីធ្លីរបស់ពួកគាត់ដោយក្ដីមេត្តា។

    លោក ស៊ីម យ៉ុង ចៅសង្កាត់ឈើខ្មៅ បានមានប្រសាសន៍ថា ដីខាងលើប្រជាពលរដ្ឋពិតជាបានកាន់កាប់ និងធ្វើស្រែ ចម្ការ ជារៀងរាល់ឆ្នាំ តាំងពីក្រោយឆ្នាំ១៩៧៩ ប្រាកដមែន។ លោកបានបញ្ជាក់ថា កាលពីមុនដីនេះជាបឹង ប៉ុន្តែបច្ចុប្បន្នបានក្លាយជាដីរាបស្មើ លែងជាបឹងទៀតហើយ ហើយសុទ្ធតែជាដីស្រែប្រាំង និងចម្ការដំណាំរបស់កសិករអស់ហើយដែរ។ អាជ្ញាធរមូលដ្ឋានក៏មិនបានធ្វើការហាមឃាត់មិនឲ្យពួកគាត់បង្កបង្កើនផលដែរ ដោយគ្រាន់តែមិនបានចុះហត្ថលេខាលើការទិញលក់ តែបានចេញលិខិតបញ្ជាក់ពីប្រវត្តិនៃការកាន់កាប់ជូនពួកគាត់ ដើម្បីយកទៅប្រើប្រាស់។

    លោកចៅសង្កាត់បានសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋានពិតជាចង់ឲ្យថ្នាក់លើផ្ដល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋណាស់ តែត្រឹមរដ្ឋបាលសង្កាត់មិនអាចសម្រេចបាននោះទេ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា បើប្រជាពលរដ្ឋដាក់សំណើរមក សង្កាត់នឹងបញ្ជូនទៅថ្នាក់លើពិនិត្យសម្រេច។ លោកក៏បានបន្ថែមថា ឆ្លងតាមការប្រជុំកន្លងមក ដីនៅទីតាំងខាងលើនោះ រដ្ឋបាលខេត្តនឹងចុះមកជួបប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈនៅពេលខាងមុខនេះ៕

     

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.