ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងដាក់ចេញនូវទិសដៅសម្រាប់ខែមិថុនា ឆ្នាំ២០២៥ នៅថ្ងៃទី៩ ខែមិថុនា នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងយ៉ាងម៉ឺងម៉ាត់ ដោយជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ Online ឲ្យអស់ពីមូលដ្ឋាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ភាពជោគជ័យមិនមែនត្រឹមតែការបង្ក្រាបនោះទេ តែត្រូវតែមានការតាមដានជាប្រចាំធ្វើយ៉ាងណាកុំឲ្យក្រុមជនខិលខូចទាំងនោះអាចបើកដំណើរការឡើងវិញបានដាច់ខាត។
មិនត្រឹមតែល្បែងស៊ីសងប៉ុណ្ណោះទេ ឯកឧត្តម គួច ចំរើន ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅលើការ បន្តបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន។ ឯកឧត្តមបានបញ្ជាក់ថា អ្នកប្រើប្រាស់គ្រឿងញៀនដែលចាប់បាន ត្រូវបញ្ជូនទៅមណ្ឌលកែប្រែ និងបន្សាប ហើយក៏ត្រូវជំរុញឲ្យអ្នកញៀនទាំងនោះទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យផងដែរ។
ដើម្បីពង្រឹងការងារនេះ ឯកឧត្តមក៏បានជំរុញឲ្យមន្ត្រីរាជការ និងកងកម្លាំងទាំងអស់ ចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “NoDrug” និងជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់មហាជន ជាពិសេសយុវជន ឲ្យចេះប្រើកម្មវិធីនេះ ដើម្បីរួមចំណែករាយការណ៍ពីសកម្មភាពគ្រឿងញៀនមកកាន់សមត្ថកិច្ចបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ក្រៅពីបទល្មើសធំៗខាងលើ អភិបាលខេត្តក៏បានបង្ហាញការបារម្ភ និងដាក់ចេញវិធានការចំពោះ បញ្ហាក្មេងទំនើង ដោយតម្រូវឲ្យអាជ្ញាធរប្រើប្រាស់ទាំងវិធានការអប់រំ និងវិធានការរដ្ឋបាល។ រាល់ករណីចាប់បានក្មេងទំនើង ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាធារណជនបានដឹងពីសកម្មភាពដាក់វិន័យ ដើម្បីជាការព្រមាន។
ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងតែកើនឡើង ដោយតម្រូវឲ្យប្រើប្រាស់វិធានការច្បាប់ និងការផាកពិន័យឲ្យបានម៉ឺងម៉ាត់។
ក្នុងរដូវវស្សានេះ អភិបាលខេត្តក៏បានណែនាំឲ្យអាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រៀមរៀបចំផែនការជួយសង្គ្រោះ និងដោះស្រាយបញ្ហាទឹកជំនន់ ខ្យល់កន្ត្រាក់ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបំផុត។
បញ្ចប់កិច្ចប្រជុំ ឯកឧត្តម គួច ចំរើន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួម តាមដានព័ត៌មានទាក់ទងនឹងបញ្ហាព្រំដែន រវាងកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ដោយស្នើឲ្យមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះ។ ឯកឧត្តមក៏បានអំពាវនាវឲ្យមានការគាំទ្រដល់កងទ័ពជួរមុខ ទាំងសម្ភារៈ ថវិកា និងស្មារតី៕