កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាក្មេងទំនើង ដែលជិះម៉ូតូរោទ៍បង្កសំឡេងរំខាន និងបង្កការជួបជុំដើរលេងមិនចូលផ្ទះ ដោយឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងរឹបអូសបានម៉ូតូ ២គ្រឿង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៣:២០នាទីរំលងអាធ្រាត្រ តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានឃាត់ខ្លួនមាន៖ ឈ្មោះ ស៊ិន ម៉េងស៊ឺ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ, ឈ្មោះ ហង់ វស្សា ហៅ ឌី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ, ឈ្មោះ សម្បត្តិ ជីវ័ន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកម្មករ, និងឈ្មោះ ធឿន វាសនា ហៅ ស៊ីង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករោងចក្រ។ ជនសង្ស័យទាំង ៤នាក់ នេះ មានទីលំនៅភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ហើយពួកគេគ្មានសារធាតុញៀនក្នុងទឹកនោមឡើយ។
លោកអធិការបានឲ្យដឹងទៀតថា វត្ថុតាងចាប់យកបានរួមមាន៖ ម៉ូតូ ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥** ពាក់ផ្លាកលេខភ្នំពេញ1LL-6460, និងម៉ូតូ ១គ្រឿង ម៉ាក Suzuki Nex ពណ៌ស សេរីឆ្នាំ២០២៤** ពាក់ផ្លាកលេខកំពង់ស្ពឺ1KZ-4446។
លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពើក, ប៉ុស្តិ៍ក្រាំងម្កាក់, ប៉ុស្តិ៍ឆក់ឈើនាង, និងប៉ុស្តិ៍បែកចាន បានធ្វើការចេញល្បាតក្នុងភូមិសាស្ត្រ។ លុះដល់វេលាកើតហេតុ ក៏ប្រទះឃើញក្រុមជនសង្ស័យជិះម៉ូតូ ៤គ្រឿង មានគ្នាប្រហែល ៧ទៅ៨នាក់។ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានហៅសួរនាំ។ ពេលនោះ ជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួន។ ភ្លាមនោះ កម្លាំងក៏បានធ្វើការដេញប្រផាត់ចាប់ប្រភីង និងប្រទាក់ក្រឡាគ្នាជាមួយកម្លាំងប៉ុស្តិ៍ ទើបឃាត់ខ្លួនបានជនសង្ស័យ ៤នាក់ រួមទាំងវត្ថុតាងម៉ូតូ ២គ្រឿង នាំយកទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំ។
លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៤នាក់ បានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ ពួកគេបានជួបជុំគ្នាផឹកស៊ី។ ក្រោយពីផឹកស៊ីរួច ក៏ជិះម៉ូតូដើរលេងតាមបណ្ដោយផ្លូវជាតិលេខ៤។ ចំណែកជនសង្ស័យឈ្មោះ ស៊ិន ម៉េងស៊ឺ ក៏បានបន្តឆ្លើយសារភាពថា កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពបង្ហោះម៉ូតូ ២ដងផងដែរ។
លោកអធិការបានបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងផ្នែកជំនាញបានស្នើសុំគោលការណ៍អប់រំជនសង្ស័យរយៈពេល ៤៨ម៉ោង នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើអនាម័យ កោរ.សក់ និងហៅក្រុមគ្រួសារមកធ្វើកិច្ចសន្យាអប់រំ។ ចំណែកមធ្យោបាយម៉ូតូបានស្នើសុំគោលការណ៍រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករយៈពេល ០៣ខែ។