ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានផ្ទុកសារធាតុញៀនក្នុងខ្លួន ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០នាទីព្រឹក នៅចំណុចចុងព្រែកពោធិ៍ក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សេន សុខហេង (ចយ) ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តិ៍ទឹកនោមជនសង្ស័យរកសារធាតុញៀន ដែលបង្ហាញលទ្ធផលវិជ្ជមាន (+).
វត្ថុតាងដែលដកហូតបានរួមមាន៖ **សារធាតុញៀនមេតំហ្វេតាមីន (ice) ចំនួន ៣កញ្ចប់តូច ទម្ងន់ ១,០១ក្រាម, និងទូរស័ព្ទដៃម៉ាក Iphone 7 plus ១គ្រឿង។
នៅវេលាកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល សហការជាមួយកម្លាំងប្រជាការពារ បានចុះល្បាតតាមភូមិសាស្រ្តក្នុងឃុំ ក៏បានជួបជនសង្ស័យឈ្មោះ សេន សុខហេង។ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានឃាត់សួរនាំ និងឆែកឆេរ រកឃើញថ្នាំញៀនចំនួន ៣កញ្ចប់តូច នៅក្នុងហោប៉ៅខោរបស់ជនសង្ស័យ។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិលដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សេន សុខហេង បានសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចរកឃើញនេះ ពិតជារបស់ខ្លួនពិតប្រាកដមែន ដោយបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ ក្នុងតម្លៃ ២០.០០០រៀល (ពីរម៉ឺនរៀល) ដើម្បីទុកប្រើប្រាស់។