ខេត្តកណ្ដាល៖ ជនសង្ស័យចំនួន ២ នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនបាន ពាក់ព័ន្ធករណីលួចផ្ទាំងសូឡារបស់ប្រជាពលរដ្ឋ។ ក្នុងចំណោមជនសង្ស័យទាំងពីរ មានម្នាក់ជាអតីតទណ្ឌិតធ្លាប់ជាប់ពន្ធនាគារពីបទលួច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃពុធ ទី ០៤ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ០៣:០០ នាទីរំលងអាធ្រាត្រ នៅចំណុចភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនសង្ស័យទាំង ០២ នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ឈ្មោះ ឡាយ រាជ ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល ១ ឆ្នាំ ករណីលួចម៉ូតូ), និងឈ្មោះ វិន យឿងកាន់ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនសង្ស័យទាំងពីរនាក់នេះ មានសារធាតុញៀនក្នុងទឹកនោម (+).
វត្ថុតាងដែលចាប់យកបានរួមមាន៖ ម៉ូតូមួយគ្រឿងម៉ាក Honda C125 សេរីឆ្នាំ ២០១៤ ពណ៌ខ្មៅ ស្លាកលេខកណ្ដាល១S៦០០៧ (ជារបស់ជនសង្ស័យ), ផ្ទាំងសូឡាមួយផ្ទាំង (ជារបស់ជនរងគ្រោះ), និងសោរខ្សៀចំនួនមួយ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យទាំង ២ នាក់បានជិះម៉ូតូទៅធ្វើសកម្មភាពលួចផ្ទាំងសូឡារបស់ប្រជាពលរដ្ឋនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ លុះលួចបានមួយផ្ទាំង ក៏បានជិះម៉ូតូឌុបគ្នាមកដល់ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក៏បានជួបកម្លាំងល្បាតរបស់ប៉ុស្តិ៍ស្វាយរលំ ហើយត្រូវបានឃាត់ខ្លួនតែម្តង។
តាមការសាកសួរ ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ពួកគាត់ពិតជាបាននាំគ្នាធ្វើសកម្មភាពលួចផ្ទាំងសូឡារបស់ប្រជាពលរដ្ឋប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។