Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    លួចសម្ភារៈសំណង់ រួចយកទៅដូរថ្នាំញៀន ជនសង្ស័យម្នាក់ត្រូវបាននគរបាលអង្គស្នួលឃាត់ខ្លួន

    June 2, 2025No Comments

    ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ឃាត់ខ្លួន ពាក់ព័ន្ធករណីអំពើលួចសម្ភារៈសំណង់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ហេតុការណ៍លួចនេះបានកើតឡើងនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ០៣ និង ៣០ នាទីព្រឹក នៅចំណុចភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

    ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ សន ពៅ ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ រស់នៅភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

    ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ យ៉ន ចាន់ឌឿន ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តិ៍ទឹកនោមជនសង្ស័យរកសារធាតុញៀន ដែលបង្ហាញលទ្ធផលវិជ្ជមាន (+).

    សម្ភារៈដែលបាត់បង់រួមមាន៖ ខ្សែភ្លើងចំនួន ១០ ដុំ, ប៉ុស្តិ៍ផ្សាដែក ០១ គ្រឿង, ម៉ូទ័របាញ់ដែក ០១ គ្រឿង, ផ្លែកាត់ដែក ០១ កេស, ថ្នាំពណ៌លាបផ្ទះ ០១ ធុង, និងថ្នាំពណ៌កំប៉ុងចំនួន ១០ កំប៉ុង។

    លោកវរសេនីយ៍ឯក មាន សំណាង បានឲ្យដឹងថា នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ០៦ និង ៣០ នាទីល្ងាច ជនរងគ្រោះនិងប្តីបានរៀបចំបិទទ្វារតូបលក់គ្រឿងសំណង់របស់ខ្លួន ហើយបានទៅសម្រាកនៅផ្ទះមួយទៀតនៅក្នុងភូមិ។ លុះដល់ព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ០៧ និង ០០ នាទី ជនរងគ្រោះនិងប្ដីបាននាំគ្នាចេញពីផ្ទះសំដៅទៅបើកតូបលក់គ្រឿងសំណង់។ ពេលទៅដល់មុខតូប ស្រាប់តែឃើញទ្វារតូបដាច់ត្រជៀកសោ។ ពេលនោះ ជនរងគ្រោះ និងប្ដីក៏បានចូលទៅក្នុងតូបលក់គ្រឿងសំណង់របស់ខ្លួន ទើបដឹងថាបាត់សម្ភារៈមួយចំនួនដូចបានរៀបរាប់ខាងលើ។

    បន្ទាប់មក ជនរងគ្រោះបានឡើងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់។ ក្រោយទទួលបានបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់បានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការស្រាវជ្រាវឈានដល់ការឃាត់មុខសញ្ញាជនសង្ស័យបាន ហើយបាននាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីសួរនាំ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ យ៉ន ចាន់ឌឿន បានឆ្លើយសារភាពថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើ ខ្លួនបានធ្វើសកម្មភាពយកញញ៉ួរវាយត្រជៀកសោទ្វារតូបលក់គ្រឿងសំណង់របស់ជនរងគ្រោះបណ្តាលឲ្យដាច់ ហើយខ្លួនបានបើកទ្វារធ្វើសកម្មភាពលួចសម្ភារៈសំណង់របស់ជនរងគ្រោះ។ ជនសង្ស័យបានសារភាពបន្តថា ខ្លួនបានយកសម្ភារៈទាំងនោះទៅប្តូរយកថ្នាំញៀនពីជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ ដើម្បីយកមកប្រើប្រាស់អស់បាត់ទៅហើយ។

    បច្ចុប្បន្ន ចំពោះករណីខាងលើនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.