ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកស្អាង ឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូពីមុខសាលាបឋមសិក្សាមួយកន្លែង។ ការឃាត់ខ្លួននេះបានធ្វើឡើងក្រោយមានការជួយអន្តរាគមន៍ដេញតាមពីបងប្អូនជនរងគ្រោះ និងការស្វែងរករបស់សមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១១ និង ៤០ នាទី នៅចំណុចមុខសាលាបឋមសិក្សាហ៊ុន សែនព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ប៊ិល ថាវរី ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ រុន សុធន ហៅ ពៅ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជីពាយ ឃុំព្រៃពាយ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តិ៍ទឹកនោមជនសង្ស័យរកសារធាតុញៀន ដែលបង្ហាញលទ្ធផលវិជ្ជមាន (+).
វត្ថុតាងដែលចាប់យកបានគឺ ម៉ូតូចំនួន ០១ គ្រឿង ម៉ាកហុងដាដ្រីម ពណ៌ខ្មៅ សេរីឆ្នាំ ២០២៥ ផ្លាកលេខភ្នំពេញ1LA-4884 (ជារបស់ជនរងគ្រោះដែលរកឃើញវិញ)។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១១ និង ៤០ នាទី ជនរងគ្រោះកំពុងឈរលក់ព្រីងនៅមុខសាលាបឋមសិក្សាហ៊ុន សែន ព្រៃទទឹង ហើយបានទុកម៉ូតូនៅក្បែរខ្លួន។ ខណៈពេលដែលជនរងគ្រោះរវល់លក់ព្រីងឲ្យសិស្សសាលាភ្លេចខ្លួន ជនសង្ស័យក៏បានធ្វើសកម្មភាពឡើងជិះបញ្ឆេះម៉ូតូរបស់ជនរងគ្រោះ ជិះមកទិសខាងលិច។ ភ្លាមៗនោះ ជនរងគ្រោះក៏បានស្រែកឲ្យបងប្អូនជួយចេញចាប់។ បន្ទាប់មក ក៏មានបងប្អូនជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយ រួចក៏តាមទាន់នៅចំណុចភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យក៏បានផ្ដួលម៉ូតូចោល ហើយរត់ចូលក្នុងព្រៃបាត់។
ពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលខ្ពបបានចុះដល់កន្លែងកើតហេតុ បានស្វែងរកជនសង្ស័យ និងរុករកក្នុងព្រៃ និងតាមផ្លូវ។ មួយសន្ទុះក្រោយមក ក៏ប្រទះឃើញជនសង្ស័យកំពុងដើរមកដល់ចំណុចភូមិខ្ពបលើ ឃុំខ្ពប រួចក៏បានឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។