Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ប្រជាពលរដ្ឋក្រុងតាខ្មៅ ផ្ទុះប្រតិកម្មជំទាស់នឹងតម្លៃសេវាសំរាមថ្មីរបស់សាលាក្រុង ដោយស្នើសុំរក្សាតម្លៃចាស់

    May 27, 2025Updated:May 27, 2025No Comments

    ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅកំពុងបង្ហាញការមិនពេញចិត្ត និងផ្ទុះប្រតិកម្មយ៉ាងខ្លាំងជុំវិញការដំឡើងថ្លៃសេវាប្រមូលសំរាមថ្មីរបស់រដ្ឋបាលក្រុង។ ពួកគាត់បានលើកឡើងពីភាពភ្ញាក់ផ្អើល និងការលំបាកក្នុងការទទួលយកតម្លៃថ្មីនេះ ដែលកើនឡើងខ្ពស់ជាងតម្លៃចាស់កាលពីពេលគ្រប់គ្រងដោយក្រុមហ៊ុនឯកជន។

    ការមិនពេញចិត្តនេះត្រូវបានសម្តែងឡើងទាំងតាមរយៈបណ្ដាញសង្គម Telegram ក្រុមជជែកគ្នាតាមហាងកាហ្វេ និងការជួបជុំពិភាក្សាគ្នានៅតាមផ្ទះ។ ពួកគាត់បានចោទជាសំណួរថា តើហេតុអ្វីបានជាតម្លៃសេវាសំរាមកើនឡើងពី ៣ ទៅ ៤ ដង បន្ទាប់ពីរដ្ឋបាលក្រុងចូលគ្រប់គ្រង ខណៈដែលកាលពីក្រុមហ៊ុនឯកជនគ្រប់គ្រង តម្លៃសមរម្យជាងនេះទៅទៀត? ពួកគាត់បានស្នើឲ្យរដ្ឋបាលក្រុងតាខ្មៅពិចារណាឡើងវិញ និងរក្សាតម្លៃដូចដើម។

    ប្រជាពលរដ្ឋនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ បានលើកឡើងថា កាលពីក្រុមហ៊ុនស៊ីនទ្រីគ្រប់គ្រង សេវាសំរាមសម្រាប់ផ្ទះទូទៅមានតម្លៃចន្លោះពី ៨.០០០ ទៅ ១០.០០០ រៀលក្នុងមួយខែ រីឯផ្ទះលក់ដូរមានតម្លៃ ១០.០០០ ទៅ ២០.០០០ រៀល។

    ប៉ុន្តែ បន្ទាប់ពីរដ្ឋបាលក្រុងតាខ្មៅចូលគ្រប់គ្រង តម្លៃបានកើនឡើងដល់ ១០.០០០ រៀល ទៅ ១៤.០០០ រៀលសម្រាប់ផ្ទះខ្លះ រហូតដល់ ៣២.០០០ រៀល និង ៤០.០០០ រៀលឯណោះ ដែលនេះជាបន្ទុកដ៏ធ្ងន់ធ្ងរ ជាពិសេសក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន។

    ពួកគាត់បានលើកឧទាហរណ៍ប្រៀបធៀបថា ថ្លៃទឹកស្អាតដែលប្រើប្រាស់រយៈពេលពីរខែ អស់ត្រឹមតែ ១២.០០០ ទៅ ២០.០០០ រៀលប៉ុណ្ណោះ ប៉ុន្តែថ្លៃសំរាមបែរជាកើនឡើងយ៉ាងគំហុក។ អ្វីដែលធ្វើឲ្យពួកគាត់ងឿងឆ្ងល់នោះ គឺថាកាលពីក្រុមហ៊ុនឯកជនគ្រប់គ្រង តម្លៃមានភាពសមរម្យ ហើយនៅពេលដែលរដ្ឋបាលក្រុងចូលគ្រប់គ្រង គួរតែមានតម្លៃធូរថ្លៃជាងមុន ដោយគ្មានបន្ទុកបង់ពន្ធដូចក្រុមហ៊ុនឯកជននោះទេ តែផ្ទុយទៅវិញ តម្លៃបែរជាកើនឡើងទ្វេដងទៅវិញ។ ហេតុនេះ ប្រជាពលរដ្ឋយល់ថា ខ្លួនគ្មានលទ្ធភាពក្នុងការបង់ប្រាក់នោះទេ ហើយបានស្នើឲ្យរដ្ឋបាលក្រុងពិចារណា និងរក្សាតម្លៃចាស់ដដែល។

    ជាការឆ្លើយតបទៅនឹងប្រតិកម្មរបស់ប្រជាពលរដ្ឋ នៅក្នុងក្រុម Telegram “ព័ត៌មានគ្រប់គ្រងសំរាមក្រុងតាខ្មៅ” ដែលបង្កើតឡើងដោយរដ្ឋបាលក្រុង បានសរសេរបំភ្លឺថា វិក័យបត្រគំរូគឺសម្រាប់ផ្ទៀងផ្ទាត់ព័ត៌មាន ហើយប្រជាពលរដ្ឋអាចស្នើសុំកែប្រែបាន។ ចំពោះតម្លៃវិញ ពួកគាត់បានបញ្ជាក់ថា ពេលអនុវត្តជាក់ស្ដែង មន្ត្រីរដ្ឋបាលមូលដ្ឋាននឹងចុះទៅសម្របសម្រួល និងវាយតម្លៃតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

    មន្ត្រីទទួលបន្ទុកវិក័យបត្រសេវាដឹកជញ្ជូនសំរាមក្រុងតាខ្មៅ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានពន្យល់តាមទូរស័ព្ទថា ការផ្លាស់ប្តូរសេវាប្រមូលសំរាមពីរដ្ឋបាលក្រុង គឺធ្វើឡើងតាមការអនុញ្ញាតពីក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន។ លោកបានបន្ថែមថា តម្លៃមិនមែនកំណត់តាមអំពើចិត្តនោះទេ គឺផ្អែកលើតារាងជាក់ស្តែងទៅតាមប្រភេទផ្ទះ រួមមាន ផ្ទះធម្មតា ផ្ទះជាន់ទី១ ជាន់ទី២ និងផ្ទះអាជីវកម្មផ្សេងៗ ដែលមានតម្លៃខុសៗគ្នា។ ឧទាហរណ៍ ផ្ទះធម្មតាតម្លៃ ១០.០០០ រៀល ផ្ទះក្នុងបុរី ១២.០០០ រៀល និងផ្ទះមានជាន់ទី១ ឬទី២ ត្រូវបង់បន្ថែម ៧.០០០ រៀល។

    លោកបានបញ្ជាក់ថា ថវិកាដែលបានមកពីថ្លៃសេវាសំរាមនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍក្នុងក្រុង និងចំណាយលើការសម្អាតទីសាធារណៈ រួមទាំងការដោះស្រាយបញ្ហាសំរាមអនាធិបតេយ្យ។ ទាក់ទងនឹងការលើកឡើងរបស់ប្រជាពលរដ្ឋថា ក្រុមហ៊ុនឯកជនយកថ្លៃធូរថ្លៃជាង លោកមិនអាចបកស្រាយបានទេ ដោយគ្រាន់តែអនុវត្តតាមតារាងតម្លៃប៉ុណ្ណោះ។ ចំណែកឯប្រតិកម្មរបស់ប្រជាពលរដ្ឋដែលស្នើសុំរក្សាតម្លៃចាស់នោះ លោកបានបញ្ជាក់ថា នេះជាតួនាទីរបស់ថ្នាក់ដឹកនាំ។

    លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានឆ្លើយតបយ៉ាងខ្លីថា បញ្ហានេះកើតឡើងដោយសារតែការរៀបចំការងារថ្មី ដូច្នេះក៏មានភាពចន្លោះប្រហោងខ្លះ។ លោកបានបន្តថា ដោយសារលោកមានធុរៈនៅខេត្តឆ្ងាយ និងមិនសូវមានសេវាទូរស័ព្ទ លោកនឹងត្រឡប់ទៅវិញហើយទាក់ទងដើម្បីពន្យល់បន្ថែមទៀត។​

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.