Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    សមត្ថកិច្ចស្រុកពញាឮ បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងម្នាក់ទៀតរត់គេចខ្លួន

    May 26, 2025No Comments

    ខេត្តកណ្ដាល៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងរឹបអូសវត្ថុតាងមួយចំនួន ខណៈជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះបានចាប់ផ្ដើមនៅវេលាម៉ោង ១ និង ៣០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។ ដំបូងឡើយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវិហារលួងដែលកំពុងចេញល្បាតក្នុងភូមិសាស្ត្រ បានប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ មាស ជេប៊ី ហៅ ប៊ី អាយុ ១៨ឆ្នាំ គួរឲ្យសង្ស័យ។ ក្រោយពីធ្វើការឆែកឆេរ កម្លាំងសមត្ថកិច្ចបានរកឃើញសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១កញ្ចប់តូច ទម្ងន់ ០,១១ក្រាម នៅជាប់នឹងខ្លួនជនសង្ស័យ។ ជនសង្ស័យ មាស ជេប៊ី ដែលមានទីលំនៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ត្រូវបានឃាត់ខ្លួនភ្លាមៗ។

    របាយការណ៍ដដែលបានបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យ មាស ជេប៊ី បានឲ្យដឹងថា ថ្នាំញៀនដែលរកឃើញពិតជារបស់ខ្លួនមែន ហើយខ្លួនបានទទួលថ្នាំញៀននេះពីជនសង្ស័យម្នាក់ទៀតឈ្មោះ ហៃ បូរ៉ាត់ ហៅ ឈីវ អាយុ ៣១ឆ្នាំ រស់នៅភូមិអំពិលដាំទឹកជាមួយគ្នា ដើម្បីជួយលក់បន្តក្នុងតម្លៃពី ១៥០០០រៀល ទៅ ២០០០០រៀល ជាច្រើនលើកមកហើយ ដោយទទួលបានថ្នាំញៀនសម្រាប់ជក់ជាថ្នូរ។

    ដោយផ្អែកលើចម្លើយសារភាពនេះ នៅព្រឹកថ្ងៃដដែលវេលាម៉ោង ១០ កម្លាំងជំនាញបានបន្តស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហៃ បូរ៉ាត់ ហៅ ឈីវ។ ក្នុងការឆែកឆេរ កម្លាំងសមត្ថកិច្ចបានរកឃើញវត្ថុតាងបន្ថែមរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ១កញ្ចប់តូចទៀត ទម្ងន់ ០,១៩ក្រាម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន (ខ្សៀ)។ ជនសង្ស័យ ហៃ បូរ៉ាត់ បានសារភាពថា ថ្នាំញៀន និងឧបករណ៍ទាំងនោះពិតជារបស់ខ្លួនមែន ដោយខ្លួនបានទិញថ្នាំញៀននេះមកពីជនសង្ស័យម្នាក់ទៀតឈ្មោះ ហែម សុជាតិ អាយុ ៣៣ឆ្នាំ រស់នៅភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ក្នុងតម្លៃ ២០០០០រៀល ដើម្បីទុកប្រើប្រាស់។

    បន្ទាប់ពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចជំនាញបានចុះទៅកាន់ទីតាំងរបស់ឈ្មោះ ហែម សុជាតិ នៅក្នុងភូមិធម្មត្រ័យ ប៉ុន្តែជនសង្ស័យរូបនេះបានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់។

    បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវដើម្បីតាមចាប់ខ្លួនជនសង្ស័យដែលបានរត់គេចខ្លួន។

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.