កណ្តាល ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈជិះម៉ូតូដួលធ្លាក់ចូលប្រឡាយដោយខ្លួនឯង នៅលើកំណាត់ផ្លូវជាតិលេខ ៤១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៣:១៩នាទី។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅចន្លោះគីឡូម៉ែត្រលេខ ០៤-០៥ ស្ថិតនៅភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ លាន់ រំ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច នៅថ្ងៃ និងវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានបើកបរម៉ូតូ ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1G-2290 ក្នុងទិសដៅពីជើងទៅត្បូង (ថ្នល់ទទឹង-កំពត)។ លុះមកដល់ចំណុចកើតហេតុខាងលើ ដោយសារការបើកបរក្នុងល្បឿនលឿន ខណៈមានភ្លៀងរលឹមផងនោះ ម៉ូតូក៏បានរេចង្កូតមកខាងឆ្វេង បណ្ដាលឱ្យធ្លាក់ចូលប្រឡាយទឹក ស្លាប់នៅនឹងកន្លែងតែម្ដង។ ម៉ូតូរបស់ជនរងគ្រោះក៏រងការខូចខាតធ្ងន់ផងដែរ។
សមត្ថកិច្ចបានធ្វើសេចក្ដីសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុ កម្លាំងជំនាញបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយ (ម៉ូតូ) ត្រូវបានវាស់វែង និងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីបន្តនីតិវិធី។