កម្លាំងនគរបាលយុត្តិធម៌ស្រុកកោះធំ ខេត្តកណ្ដាល បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលលើកដែក ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១១:០០នាទី នៅភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ។
ដីកាបង្គាប់ឱ្យចាប់ខ្លួននេះ ចេញដោយលោក លី ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល លេខ ២៤៧ ចខ/ឃ ចុះថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៥។ ជនត្រូវចោទឈ្មោះ ស្រ៊ុន ប៊ុនហោ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី មានទីលំនៅបច្ចុប្បន្នភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ត្រូវបានចោទប្រកាន់ពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទៅវិញទៅមក)” ដែលបានប្រព្រឹត្តនៅភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។
លុះដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចបានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទខាងលើបានដោយជោគជ័យ។ ក្រោយឃាត់ខ្លួន ជនត្រូវចោទឈ្មោះ ស្រ៊ុន ប៊ុនហោ ត្រូវបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផល អវិជ្ជមាន (-)។
បច្ចុប្បន្ន ជនត្រូវចោទត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់។