កិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា” បានប្រព្រឹត្តទៅកាលពីម្សិលមិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះបានក្លាយជាឱកាសដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការបង្ហាញពីគំរូសន្តិភាព សហវិជ្ជមាន និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនាទាំងអស់ក្នុងប្រទេស។
សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសគំរូដោយអង្គការសម្ព័ន្ធពិភពឥស្លាម, បណ្តារដ្ឋសមាជិកទាំង ៥៧ នៃអង្គការសហប្រតិបត្តិការអ៊ិស្លាម(OIC) និងប្រទេសនានា លើសាកលលោក ក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ និងលើកកម្ពស់សេរីភាពជំនឿសាសនា។
សម្តេចបានគូសបញ្ជាក់ថា “ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ទើបសេរីភាពនៃជំនឿសាសនានៅកម្ពុជាត្រូវបានស្ដារ និងសង្គ្រោះឡើងវិញ” ។
សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “គ្មានសង្គមណាមួយមានភាពបរិសុទ្ធឥតខ្ចោះនៃជាតិសាសន៍ និងសាសនានោះទេ”។ សង្គមដែលព្យាយាមទាមទារភាពបរិសុទ្ធបែបនេះ តែងតែនាំមកនូវសោកនាដកម្ម ការធ្វើទុក្ខបុកម្នេញ និងការសងសឹកគ្មានទីបញ្ចប់។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គការសម្ព័ន្ធពិភពឥស្លាម បានលើកឡើងថា៖ “កម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ជាប្រទេសគំរូ ដែលមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយមិនធ្លាប់មានជម្លោះ ឬអំពើហិង្សាសាសនានោះទេ”។
ទោះបីប្រទេសកម្ពុជាមានប្រជាជនកាន់ព្រះពុទ្ធសាសនាប្រមាណ ៩៣% ខណៈដែលសាសនាឥស្លាមមានប្រមាណ ៥% ប៉ុណ្ណោះ ប៉ុន្តែរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសហគមន៍ឥស្លាម ដោយបានផ្តល់តួនាទីដល់សមាជិកសហគមន៍ឥស្លាមនៅតាមរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, បញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ១.៥០០ នាក់ និងគ្រូជាប់កិច្ចសន្យា ១៧៨នាក់ ចូលក្នុងក្របខណ្ឌក្រសួងអប់រំ និងផ្តល់ប្រាក់បៀវត្សរ៍ជាង ៦.៦ លានដុល្លារអាមេរិកក្នុងមួយឆ្នាំដល់គ្រូបង្រៀនខ្មែរឥស្លាម ។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះបានក្លាយជាឱកាសដ៏ល្អសម្រាប់ប្រទេសនានាក្នុងពិភពលោក បានសិក្សារៀនសូត្រពីបទពិសោធន៍របស់កម្ពុជាក្នុងការកសាងភាពសុខដុមរមនា និងការរស់នៅប្រកបដោយសន្តិសហវិជ្ជមានរវាងប្រជាជនចម្រុះជាតិសាសន៍ និងសាសនា៕