បុរសវ័យ ៥១ឆ្នាំម្នាក់ ត្រូវប៉ូលិសឃាត់ខ្លួនកាលពីថ្ងៃទី០១ កុម្ភៈ ២០២៥ កន្លងទៅ តាមពាក្យបណ្តឹងរបស់ក្មេងស្រី អាយុ ១៥ឆ្នាំម្នាក់ ប្តឹងចោទប្រកាន់ថា បានប៉ុនប៉ងរំលោភសេពសន្ទវៈលើរូបនាង កាលពីរសៀល ថ្ងៃទី៣១ មករា ២០២៥ នៅចំណុចក្នុងផ្ទះរបស់ជនសង្ស័យនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យ និងគ្រួសារដែលត្រូវជាពូមីងរបស់ជនរងគ្រោះបង្កើត បានយកជនរងគ្រោះទៅស្នាក់នៅជាមួយបានរយៈពេលប្រហែលជាងមួយឆ្នាំហើយ។ លុះនៅថ្ងៃកើតហេតុ ជនសង្ស័យបានចេញពីធ្វើការងារទៅដល់ផ្ទះវិញ ឃើញជនរងគ្រោះនៅក្នុងផ្ទះម្នាក់ឯង ក៏ធ្វើជាប្រើជនរងគ្រោះឲ្យដាំទឹកឆុងមីឲ្យខ្លួនហូប នៅពេលជនរងគ្រោះកំពុងរាបចំដាំទឹកនោះ ជនសង្ស័យបានដើរចូលទៅផ្ទះបាយហើយធ្វើសកម្មភាពចាប់អោបជនរងគ្រោះពីក្រោយ ថើប ស្ទាបអង្អែល ហើយនិយាយទៅជនរងគ្រោះថាកុំស្រែប្រយ័ត្នដេញចេញពីផ្ទះមិនឲ្យរស់នៅជាមួយទៀត ហើយជនរងគ្រោះក៏បានរើលបំរាស់ចេញពីជនសង្ស័យ ។ បន្ទាប់មកជនសង្ស័យក៏ដើរចេញពីផ្ទះបាយវិញដោយនៅប្រើឲ្យជនរងគ្រោះដាំទឹកឆុងមីឲ្យខ្លួនហូបដដែល ក្រោយពីជនសង្ស័យហូបមីរួចរាល់ហើយ ក៏ជិះម៉ូតូចេញពីផ្ទះកើតហេតុទៅដេកនៅផ្ទះរបស់ខ្លួនមួយទៀតនៅខេត្ដកំពង់ស្ពឺបាត់ទៅ។ រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ជនរងគ្រោះបាននិយាយរឿងនោះប្រាប់ទៅបងប្រុសរបស់ខ្លួន និងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដំណាក់អំពិល។
បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះហើយ សមត្ថកិច្ចប៉ុស្ដិ៍បានហៅជនសង្ស័យទៅប៉ុស្ដិ៍នគរបានដើម្បីសួនាំ ទើបជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានចាប់អោប ថើប និងស្ទាបអង្អែល ប៉ុនប៉ងចាប់រំលោភឈ្មោះ អោម ស្រីនាង ពិតមែនតែត្រូវគាត់បដិសេធនឹងរើលបំរាស់ចេញទើបមិនបានសម្រេចទៅ។ ចំពោះករណីខាងលើនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី៕