ក្តីសោកសៅនឹកស្តាយស្រណោះ ចៅប្រុសសំណប់ ដោយតាយាយ រវល់ដាំដើមម្ទេស ភ្លេចប្រហេសតែបន្តិច ចៅប្រុសដើរទៅរើសខ្យងនៅមាត់ស្រះ អកុសលបានរអិលជើងលង់ទឹកស្លាប់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១រសៀល ថ្ងៃទី១៨ មករា ២០២៥ នៅចំណុចបឹងអូដំរី ភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ហើយកុមាររងគ្រោះមានឈ្មោះ ម៉ៅ ដារ៉ា អាយុ ៤ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុ ។
តាមការបំភ្លឺជីតាកុមាររងគ្រោះបានប្រាប់ថា មុនពេលកើតហេតុ គាត់ និងប្រពន្ធ បាននាំចៅយកទៅដាំដើមម្ទេស នៅចំណុចបឹងអូរដំរីដូចសព្វមួយដង ។ លុះនៅវេលាកើតហេតុ ខណៈដែលពួកគាត់កំពុងតែដាំដើមម្ទេស ចៅក៏ដើរទៅរើសខ្យងនៅក្បែរស្រះទឹកជាមួយក្មេងៗ បានមួយសន្ទុះ ស្រាប់តែឮក្មេងៗស្រែកប្រាប់គាត់ថា៖ «ជួយផង ! ចៅលោកតា រអឹលជើងធ្លាក់ចូលទឹកស្រះលង់ស្លាប់បាត់ហើយ» ។ ពេលនោះ លោកតា លោកយាយ ក៏បានស្ទុះទៅមើល ហើយរាយការណ៍មកមេភូមិ និងសមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លា ចុះមកពិនិត្យ ។
បន្ទាប់ពីពិនិត្យរួចឃើញថា កុមារារងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន និងបានប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ ៕