Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ២ថ្ងៃ ប៉ូលិសស្រុកកៀនស្វាយ បង្ក្រាបគ្រឿងញៀន ៤ទីតាំង ឃាត់មនុស្ស ៩នាក់ គ្រឿងញៀន ៧០កញ្ចប់

    October 21, 2024No Comments

    កម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ កាលពីថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៤ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន នៅទីតាំងចំនួន ៤ផ្សេងគ្នា ក្នុងភូមិសាស្ត្រឃុំភូមិធំ និងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ដោយបានឃាត់ខ្លួនបានជនសង្ស័យ ៩នាក់ ក្នុងនោះ ​ជួញដូរ ៤នាក់ និងប្រើប្រាស់ ៥នាក់​ ដកហូតបានថ្នាំញៀន ៧០កញ្ចប់ ខណៈមុខសញ្ញាជួញដូរ ៥នាក់ទៀត បានរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមប្រម៉ាញ់បន្ត ។

    លោកវរៈសេនីយ៍ឯក ព្រំ សំណាង អធិការននគរបាលស្រុកកៀនស្វាយបានឱ្យដឹង​ កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹកថ្ងៃទី១៩ ខែតុលា បន្ទាប់ពីទទួលព័ត៌មានច្បាស់ការណ៍ថា មានជនសង្ស័យកំពុងជួបជុំគ្នាប្រើប្រាស់គ្រឿងញៀន នៅក្នុងភូមិកោះប្រាក់ ឃុំភូមិធំ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិភូមិធំ ឃាត់បានមុខសញ្ញា ២នាក់ ឈ្មោះ នុត ភារម្យ និងឈ្មោះ ធឿន បូរី ដកហូតបានថ្នាំញៀន១កញ្ចប់ និងសម្ភារៈប្រើប្រាស់មួយចំនួន ហើយពួកគេឆ្លើយថា គ្រឿងញៀននេះ បានទិញពីឈ្មោះ ពេជ្រ ភារម្យ និងឈ្មោះ ពយ ។

    បន្ទាប់មកសមត្ថកិច្ច ក៏ចុះទៅផ្ទះ ពេជ្រ ភារម្យ ឃាត់បានជនសង្ស័យ ២នាក់ទៀត ឈ្មោះ វង់ ដេត និងឈ្មោះ ធឿន សុថាន ដកហូតបានគ្រឿងញៀនម៉ាទឹកកកចំនួន ៨កញ្ចប់បន្ថែមទៀត ចំណែកឯម្ចាស់ផ្ទះបានរត់គេចខ្លួន ។ បន្ទាប់មកកម្លាំងយើង ក៏បានតាមទៅដល់មាត់ទន្លេ ក៏ប្រទះឃើញ ជនសង្ស័យចំនួន៥នាក់ទៀត កំពុងប្រមូលផ្តុំគ្នានៅក្នុងព្រៃត្រែង ក៏ឃាត់បានឈ្មោះ វី ដាវុទ្ធ, រិទ្ធ ចាន់មុនី ដកហូតថ្នាំគ្រឿងញៀនម៉ាកទឹកកចំនួន៨កញ្ចប់ សម្ភារៈវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន ចំណែកឯ៣នាក់ទៀត បានជិះទូករត់ទៅកោះមាស ។

    លោកអធិការបានឲ្យដឹងបន្ថែមទៀតថា បន្ទាប់ពីឃាត់ខ្លួន ឈ្មោះ វង់ ដេត បាននិយាយថា ថ្នាំញៀន ៨កញ្ចប់ដែលសមត្ថកិច្ចដកហូតពីផ្ទះ ពេជ្រ ភារម្យ ជារបស់ ពេជ្រ ភារម្យ ផ្ញើទុកឱ្យខ្លួនលក់ ដែលថ្នាំញៀននេះ ពេជ្រ ភារម្យទិញពីឈ្មោះ យឹម ចាន់ណារិទ្ធ រីឯ វី ដាវិទ្ធ បានប្រាប់ថាគ្រឿងញៀន៨កញ្ចប់ដែលនគរបាលដកហូត ជារបស់ខ្លួនបានទិញពីឈ្មោះ យិន ម៉ាប់ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិកណ្តាល ឃុំបន្ទាយដែក ។

    លុះវេលាម៉ោង ០៩និង៣០នាទី ព្រឹកថ្ងៃទី២០ តុលា លោកអធិការក៏បានដឹកនាំកម្លាំងដោយផ្ទាល់ ចុះទៅឡោមពទ្ធ័ផ្ទះរបស់ យិន ម៉ាប់ ឃាត់បានទាំង យិន ម៉ាប់ និង ឈ្មោះ ជឿន កន្និដ្ឋា ភេទស្រី អាយុ២៥ឆ្នាំ ជានារីខារ៉ាអូខេ កំពុងនៅក្នុងបន្ទប់ជាមួយគ្នា រឹបអូសបាន ថ្នាំញៀនចំនួន៥៣កញ្ចប់មធ្យម ជញ្ជីងសម្រាប់ ថ្លឹងថ្នាំញៀនចំនួន១ និងសម្ភារៈវេច ខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនបន្ថែមទៀត នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ កសាងសំណុំរឿងនិងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ និងកំពុងបន្តស្រាវជ្រាវនិងតាមប្រម៉ាញ់ បក្សពួកគេចំនួន៥នាក់បន្ថែមទៀត ដែលបានរត់គេខ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.