ជនសង្ស័យជាឪពុកម្នាក់ ធ្លាប់ជាប់ពន្ធនាគារ ២លើក រយៈពេល ៩ឆ្នាំ ចេញមកវិញ មិនត្រឹមតែមិនរាងចាល ថែមទាំងនាំកូនប្រុសអាយុទើប ១៥ឆ្នាំ ធ្វើការជួញដូរបន្តទៀត ចុងក្រោយត្រូវប៉ូលិសចាប់បញ្ជូនទៅពន្ធនាគារទាំងឪពុក-កូន ។

លោកវរៈសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានប្រាប់ឱ្យដឹងថា ជនសង្ស័យមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ២នាក់ ឪពុក-កូន ត្រូវបានកម្លាំងរបស់លោកបង្ក្រាប និងឃាត់ខ្លួន កាលពីថ្ងៃទី២០ តុលា ២០២៤ កន្លងទៅនេះ នៅក្នុងភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ហើយបច្ចុប្បន្ន ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ហើយនាថ្ងៃទី២១ តុលា ២០២៤នេះ ហើយជនសង្ស័យជាឪពុកឈ្មោះ អុល សារ៉ន អាយុ ៤២ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ២លើក រយៈពេល ៩ឆ្នាំ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកូនប្រុស ឈ្មោះ រ៉ន ហារីន ហៅក្របី អាយុ ១៥ឆ្នាំ ។


លោកអធិការបានបញ្ជាក់បន្ថែមថា បន្ទាប់ពីទទួលដំណឹងច្បាស់ការណ៍ថា ជនសង្ស័យទាំង ២នាក់ឪពុក-កូន កំពុងធ្វើការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងផ្ទះរបស់ពួកគេ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនបានសហការជាមួយ កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលឃុំពើក ចុះទៅដល់ទីតាំង ធ្វើការបង្ក្រាប និងឃាត់ខ្លួនពួកគេទាំង ២នាក់ និងដកហូតជាក់ស្តែងនូវ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ៣កញ្ចប់ នាំមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច បុរសជាឪពុកបានឆ្លើយថា ថ្នាំញៀនដែលសមត្ថកិច្ចដកហូតនេះ ពិតជារបស់ខ្លួន បានទិញពីឈ្មោះ សុក សាត ដើម្បីយកមកលក់បន្ត ដោយបានលក់ និងជក់អស់មួយចំនួន ហើយបានទទួលទិញថ្នាំញៀនពីឈ្មោះ សុក សាត យកមកលក់បន្តជាង ៣ខែមកហើយ និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន ២ដង ដោយលើកទី១ រយៈពេល ២ឆ្នាំ និងលើកទី២ រយៈពេល ៧ឆ្នាំ ពីបទ ជួញដូរគ្រឿងញៀន ។
ចំណែកឯកូនប្រុស ឈ្មោះ រ៉ន ហារីន ហៅក្របី បានប្រាបថា រូបគេបានប្រើប្រាស់គ្រឿងញៀនប្រហែល ២ខែ មកហើយ ហើយឈ្មោះ សុក សាត ធ្លាប់បានប្រើខ្លួនឱ្យយកគ្រឿងញៀនទៅលក់ឱ្យគេ ៣លើក មកហើយដែរ ដោយថ្នូរហ្នឹងបានគ្រឿងញៀនជក់ និងលុយចាយតិចតួច ៕