កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញ មានការបែកធ្លាយវីដេអូម្ចាស់សង្វៀនមាន់កាស៊ីណូយ៉ុងយ័ន ឈ្មោះ លោក ណាក់ បានប្រើអំពើហិង្សាវាយក្បាលឈ្មោះ ប្រេស៊ីល ដែលជាអ្នកកត់បុងស៊ីសង នឹងក្បាលមេក្រូ បណ្តាលបែកហូរឈាមដេរអស់ជាច្រើនថ្នេរ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញសង្វៀនជល់មាន់ ក្នុង «កាស៊ីណូ យ៉ុងយ័ន» ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល ។

ពាក់ព័ន្ធនឹងករណីនេះ បើតាមភាគីរងគ្រោះឈ្មោះ ប្រេស៊ីល បានរៀបរាប់ប្រាប់បណ្តាញសារព័ត៌មានយើងថា នៅពេលរៀបចំប្រលែងមាន់ ឈ្មោះ ណាក់ បានឲ្យដេញឲ្យបៀង (អ្នកកត់បង់ស៊ីសងលុយ) ឡើងលើសង្វៀន លុះពេលលោកកត់បាន ៥០០ក៏ឡើងទៅមុនគេ ប៉ុន្តែអ្នកផ្សេងទៀតមិនទាន់ឡើងមកទេធ្វើឲ្យឈ្មោះ ណាក់ ខឹង ក៏យករំពាត់ប៉ុនមេដៃ វាយពួកគេឲ្យឡើង លុះមួយសន្ទុះឈ្មោះ ណាក់ ក៏បានដើរសម្តៅមករកលោក ហើយវាយលោកជាច្រើនរំពាត់ ក្នុងចំណោមនុស្សប្រហែល ១.០០០នាក់ ទាំងដែលលោកមិនដឹងថាលោកខុសអីផង ។ លុះនៅពេលមាន់ជល់ចប់ លោកក៏បានដើរទៅសួរនាំថា ហេតុអ្វីបានវាយលោក ទាំងដែលលោកឡើងមុនគេសោះហ្នឹង ស្រាប់ឈ្មោះ ណាក់ ឆ្លើយមកវិញថា ឯងចង់មិច ចង់ត្រូវទៀតអី ? ហើយក៏ទាញក្បាលមេក្រូ វាយក្បាលលោកបណ្តាលឲ្យបែកហូរឈាមងងឹតមុខសន្លប់បាត់ទៅ ។ លុះនៅពេលចប់រឿង ម៉ោងប្រហែល ២-៣ រសៀល ខាងកាស៊ីណូ ក៏ឲ្យគាត់ និងឈ្មោះ ណាក់ មកសម្របសម្រួលហើយព្រមបង់លុយចំនួន ៣ពាន់ដុល្លារ មកឲ្យគាត់ដែលជាជនរងគ្រោះ ដោយសារតែមនោសញ្ចេតនា លោកក៏យល់ព្រមទទួលហើយបញ្ចប់រឿងតែម្តងទៅ ។



ពាក់ព័ន្ធនឹងករណីនេះ អង្គភាពសារព័ត៌មានយើង មិនអាចទំនាក់ទំនងសុំការបកស្រាយម្ចាស់សង្វៀនមាន់ ឈ្មោះ ណាក់ បានទេ ដោយសារមិនមានលេខទំនាក់ទំនង ។
ចំណែកលោកវរសេនីយ៍ឯក ឈុន ជឺឈួន អធិការនគរបាលក្រុងសំពៅពូន បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានយើងតាមប្រព័ន្ធតេឡេក្រាមយ៉ាងខ្លីថា បច្ចុប្បន្ន យើងកំពុងបន្តនិតិវិធីហើយ ប្រសិនបើបានព័ត៌មានអ្វីទៀត លោកនឹងជម្រាបជូនតាមក្រោយ ។
សូមបញ្ជាក់ថា៖ យោងតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌបានបញ្ញត្តថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល ។ ដូច្នេះ តើម្ចាស់សង្វៀនមាន់ឈ្មោះ ណាក់ ខាងលើ អាចគេចផុតពីសំណាញ់ច្បាប់ដែរ ឬទេ ? បើទោះបីបានសងសំណង់ ៣ពាន់ ដុល្លារទៅភាគី រងគ្រោះដើម្បីបញ្ចប់រឿងនោះ? ៕