បុរសម្នាក់ជាកម្មករនៅរោងចក្រមួនតៃ និងបុរសម្នាក់ទៀតជាសន្តិសុខយាមប្រចាំរោងចក្រ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ព្រែកហូរឃាត់ខ្លួនទាំងពីរនាក់ បញ្ជូនមកកាន់អធិការដ្ឋានគរបាលក្រុងតាខ្មៅ បន្ទាប់ពីពួកគេផឹកស្រាស្រវឹងកើតមានទំនាស់ពាក្យសម្តីនឹងគ្នា ឈានដល់ប្រើអំពិហិង្សាទៅវិញទៅមក ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៨យប់ ថ្ងសទី១៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខរោងចក្រមួនតៃភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ម្នាក់ឈ្មោះ សំ ស៊ីងទុន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រមួនតៃ មានរបួសស្នាមបែកចិញ្ចើមខាងឆ្វេង, មានកំរិតជាតិអាកុល ០.៦៥៧MG/L និងម្នាក់ទៀតឈ្មោះ ឈ្មោះ សួង ណេត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល, មុខរបរសន្តិសុខប្រចាំរោងចក្រមួនតៃ មានរបួសស្នាមបែកគួយដៃខាងឆ្វេង និងមានកំរិតជាតិអាកុល ០.៣៦៥MG/L ។


សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់ធ្លាប់មានទំនាស់ជាមួយគ្នាម្តងរួចមកហើយ ដោយឈ្មោះ សំ ស៊ីងទុន ធ្វើជាកម្មករក្នុងរោងចក្រមួងតៃ នៅពេលម៉ោងការងារបានយកស្រាបៀចូលទៅផឹកក្នុងរោងចក្រ ពេលឈ្មោះ សួង ណេត ដែលជាសន្តិសុខយាមប្រចាំរោងចក្របានហាមឃាត់ ហើយក៏ទាស់សំដីគ្នាបន្តិចបន្ទួច ។ លុះមកដល់ថ្ងៃកើតហេតុ ម៉ោងប្រមាណ ៨យប់ ឈ្មោះសំស៊ីងទុន បានផឹកស្រាស្រវឹង ហើយជិះម៉ូតូមកឈប់កាត់ទទឹងផ្លូវចូលមុខរោងចក្រមួងតៃ និងរោទិ៍ម៉ូតូង៉ោងៗឌឺដាក់ឈ្មោះ សួង ណេត ពេលនោះឈ្មោះ សួង ណេត ដែលជាសន្តិសុខកំពុងយាមក្នុងរោងចក្រ ក៏ចេញទៅសួរនាំហើយកើតទៅជាទំនាស់វាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យមានរបួសស្នាមរៀងៗខ្លួន ក្រោយមកក៏មានសមត្ថកិច្ចព្រមទាំងមេភូមិ និងប្រជាការពារបាននាំគ្នាចូលទៅជួយឃាត់បំបែកចេញទៅ ហើយក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ព្រែកហូរបានចុះទៅនាំខ្លួនអ្នកទាំងពីរបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីតែម្តង ។
តាមការសាកសួរ ជនសង្ស័យទាំងពីរ បានឆ្លើយសារភាពថា៖ ពួកគាត់ពិតជាបានផឹកស្រាស្រវឹង ហើយឈ្លោះប្រកែកប្រតាយប្រតប់គ្នាបណ្តាលឲ្យមានរបួសស្នាមរៀងៗខ្លួនប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕