បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅកៀពីក្រោយម៉ូតូមួយគ្រឿងទៀត រួចរេចង្កូតមកឆ្វេងទៅបុកជាមួយរថយន្តហាយលែនឌ័រ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១០ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤១-៤២ ស្ថិតក្នុងភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿង ម៉ាក YAMAHA FINO ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1DC-5781 បើកបរដោយឈ្មោះ ញ៉ឹប ប៉ណា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឧត្តម ឃុំព្រែកខ្សាយ «ក» ស្រុកពាមរក៍ ខេត្តព្រៃវែង (ស្នាក់នៅធ្វើជាងម៉ូតូ សង្កាត់គួរស្រូវ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ) ដែលបើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ (ពីកើតទៅលិច) តាមផ្លូវជាតិលេខ១ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបើកទៅជែងហើយកៀរពីក្រោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ មិនស្គាស់ផ្លាកលេខ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (បានលើកម៉ូតូបើកទៅមុនកម្លាំងនគរបាលយើងមកដល់កន្លែងកើតហេតុ) ទៀត ដែលបើកស្របគ្នា ធ្វើអោយម៉ូតូម៉ាក YAMAHA FINO ឆេវទៅខាងឆ្វេងទៅបុកជាមួយរថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស ប្រភេទទេសចណ៍ ពាក់ផ្លាកលេខ ភ្នំពេញ 2Y-3645 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួន មុនសមត្ថកិច្ចមកដល់ ) ដែលបើកបរមានទិសដៅផ្ទុយគ្នាពីភ្នំពេញទៅអ្នកលឿង (ពីលិចទៅកើត) បណ្តាលឲ្យអ្នកបើកម៉ូតូឈ្មោះ ញ៉ឹប បូណា ស្លាប់នៅកន្លែងកើតហេតុ ។ ចំពោះសាកសព សមត្ថកិច្ចបានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តខូចស្រាល ១គ្រឿង និង ម៉ូតូ ខូចខាត១ គ្រឿង ជំនាញចរាចរណ៍បានយកទៅរក្សាទុកនៅអធិកាតដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តតាមនីតិវិធីច្បាប់ ៕


