ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ដេញតាមឃាត់ខ្លួនបាន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីយុវតីម្នាក់បានសម្រេច ហើយព្យាយាមជិះគេចខ្លួនរហូតដល់ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

អំពើធាក់ប្លន់យកម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវកៅស៊ូភូមិខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សំអុល សុគុណកញ្ញា ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិព្រៃទទឹង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ចំណែកជនសង្ស័យមានចំនួន ២នាក់ ទី១-ឈ្មោះ ឱម ណាំឈៀវ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទីឈ្មោះ ស៊ឹម សាល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ។ អ្នកទាំងពីរ ស្នាក់នៅភូមិអណ្តូងច្រុះ សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ មានផ្ទុកសារធាតុញៀនក្នុងទឹកនោម ។


ក្រោយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ សមត្ថកិច្ចដកហូតចំនួន ២គ្រឿង មួយគ្រឿងម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ1IW-0098 (ជារបស់ជនរងគ្រោះ) មួយគ្រឿងទៀតម៉ាកយ៉ាម៉ាហា MT ពណ៌កាប់ស្តាំង ពាក់ផ្លាកលេខ ភ្នំពេញ 1KF-9310 (ជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាព), ទូរសព្ទដៃចំនួន ២គ្រឿង, អាវធំពណ៌សចំនួន០១, មួកសុវត្ថិភាពចំនួន០១, កូនកន្ត្រៃចំនួន០២, កូនសោដោះគ្រឿងលេខ១៣ ចំនួន០១, ទុលណឺវីសដងឈើចំនួន០១, នាឡិកាដៃចំនួន០២, ចិញ្ជៀនចំនួន ៣វង់, កាតធនាគារវីង (Wing Bank)ចំនួន ០៤សន្លឹក, កាបូបដាក់លុយពណ៌ខ្មៅចំនួន០១ និងកាបូបស្ពាយពណ៌ត្រេអ៊ីចំនួន០១ (ជារបស់ជនសង្ស័យ) ។



លោកអធិការបានឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីរៀននៅវិទ្យាល័យហ៊ុន សែន អង្គស្នួល ហើយបានជិះម៉ូតូម្នាក់ឯងធ្វើដំណើរត្រឡប់ទៅផ្ទះ លុះជិតដល់ចំណុចកើតហេតុជនរងគ្រោះបានឃើញជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូធំ ០១គ្រឿង ហើយជនរងគ្រោះបានបើកម៉ូតូវ៉ាជែងទៅមុនម៉ូតូរបស់ជនសង្ស័យ បន្ទាប់មកជនសង្ស័យក៏បានបើកម៉ូតូដេញតាមពីក្រោយ ដល់ចំណុចកើតហេតុក៏ជិះទន្ទឹមគ្នារួចជនសង្ស័យម្នាក់ដែលជិះក្រោយបានធ្វើសកម្មភាពធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះ ធ្វើឲ្យដួលម៉ូតូបោកនឹងផ្លូវបណ្តាលឲ្យរងរបួស ភ្លាមនោះជនសង្ស័យម្នាក់ដែលជិះពីក្រោយក៏បានចុះទៅលើកម៉ូតូរបស់ជនរងគ្រោះជិះ ហើយជនសង្ស័យទាំង ០២នាក់ បាននាំគ្នាជិះម៉ូតូគេចខ្លួនត្រឡប់ក្រោយទៅទិសខាងកើត ។

បន្ទាប់មកជនរងគ្រោះបានដកទូរសព្ទតេទៅឪពុករបស់ខ្លួន ហើយឪពុករបស់ជនរងគ្រោះបានតេទូរសព្ទទៅប្រជាការពារភូមិ ហើយបានបោះដៃតាមវិទ្យុទាក់ទងរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្ដិ៍ទួលព្រេជក៏នាំគ្នាចេញតាមដងផ្លូវស្រាប់តែឃើញជនសង្ស័យទាំង ០២នាក់ កំពុងជិះម៉ូតូ ០២គ្រឿងយ៉ាងលឿន លុះដល់ចំណុចភូមិម៉ឺននរាម ឃុំទួលព្រេជ ជនសង្ស័យម្នាក់បានផ្តួលម៉ូតូរបស់ជនរងគ្រោះចោលហើយរត់ឡើងជិះម៉ូតូបក្ខពួករបស់ខ្លួនវិញ រួចជនសង្ស័យទាំង ០២នាក់ ព្យាយាមបន្តជិះគេចខ្លួនទៀត ពេលនោះកម្លាំងសមត្ថកិច្ចក៏នាំគ្នាជិះម៉ូតូដេញតាមហើយបោះដៃតាមវិទ្យុទាក់ទង ភ្លាមនោះកម្លាំងគ្រប់ផ្នែកជំនាញស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ ប៉ុស្តិ៍សំរោងលើ ប៉ុស្តិ៍ពើក និងប៉ុស្តិ៍ដំណាក់អំពិល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បាននាំគ្នាចេញស្ទាក់ដេញតែជនសង្ស័យមិនព្រមឈប់ ហើយបានចូលដល់ទឹកដីភូមិរោងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ពេលនោះជនសង្ស័យទាំង ០២នាក់ក៏បានផ្តួលម៉ូតូចោលរួចកម្លាំងសមត្ថកិច្ចក៏ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ក្រោយមកបានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំតូច នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ក៏បានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀតហើយបាននាំខ្លួនជនសង្ស័យទាំង០២នាក់រួមទាំងវត្ថុតាងទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំបន្តតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយកន្លងមកជនសង្ស័យទាំង ២នាក់ និងបក្ខពួកធ្លាប់បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូចំនួន ០២លើក និងធ្វើសកម្មភាពឆក់កាបូបចំនួន ០៣លើក ក្នុងទឹកដីខេត្តកំពង់ស្ពឺរួចមកហើយ ហើយពួកគេបានប្រើប្រាស់ថ្នាំញៀនអស់រយៈពេល ០៣ឆ្នាំមកហើយ ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុមរឿងចាត់ការតាមនីតិវិធី ៕