ផ្ទះមួយខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ ៧ម៉ែត្រx៥ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតអស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត ១រសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិដូនឥន្ទ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើឈ្មោះ លក រុន ភេទប្រុស អាយុ ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ ខាវ ភីរម្យ មុខរបរលក់បន្លែ រស់នៅភូមិ-ឃុំកើតហេតុ ។ អគ្គិភ័យនេះ បានធ្វើឲ្យផ្ទះខាងលើឆេះខូចខាតអស់ទាំងស្រុង រួមនឹងសម្ភារៈក្នុងផ្ទះមួយចំនួនធំ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ផ្ទះគឺចាក់សោចោលមិនមានមនុស្សនៅទេ លុះនៅវេលាម៉ោងជាង ១២ថ្ងៃត្រង់ កូនប្រុសម្ចាស់ផ្ទះមកពីសាលារៀនក៏ឃើញភ្លើងកំពុងឆេះផ្ទះ តែមិនបានប្រាប់នរណាទេ គឺព្យាយាមយកទឹកពន្លត់ម្នាក់ឯង ហើយទម្រាំអ្នកជិតខាងដឹងគឺហួសពេលទៅហើយ ។ ចំពោះ ករណីអគ្គិភ័យនេះ សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុដែលផ្តើមអោយឆេះឡើងនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ៕




