យុវជន ២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុកចំពីមុខរថយន្ត NISSAN ដែលបើកបរដោយស្ត្រីម្នាក់ ពេញមួយទំហឹង កាលពីវេលាម៉ោងប្រមាណ ២រំលងអធ្រាត្រ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចស្តុបណតប្រីដ ស្ថិតលើផ្លូវ២០០៤ កែង ផ្លូវណតប្រីដ ស្ថិតក្នុងភូមិអ័រគីដេរ សង្កាត់ទអូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះទាំងពីរនាក់ខាងលើ ទី១-ឈ្មោះ ម៉ន ថេង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិស្វាយអណ្តូង ឃុំស្វាយអណ្តូង ស្រុកមេសាង ខេត្តព្រៃវែង (អ្នកបើកម៉ូតូ) និងទី២-ឈ្មោះ តុលា បញ្ញា ភេទប្រុស អាយុ ១៧ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិ អង្គារដី ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង (អ្នករួមដំណើរ) ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក NISSAN ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BV-4371 អ្នកបើកបររថយន្តឈ្មោះ កាយ កន្និកា ភេទស្រី អាយុ៣៤ រស់នៅភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ជិះធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AV-3394 បើកបរក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង ហើយបានមកបុករថយន្តចំកង់មុខផ្នែកខាងឆ្វេងពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់ទាំងពីរនាក់តែម្តង ៕





