Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    ព័ត៌មានជាតិ

    «ត្រូវតែបង្រៀនសិស្សចេញពីបេះដូង មិនមែនចេញពីសៀវភៅមួយមុខនេះទេ»

    April 8, 2024Updated:April 8, 2024No Comments

    ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានរំលេចពាក្យមួយឃ្លាដល់គ្រូ និងអនាគតគ្រូគ្រប់រូប គឺ «ត្រូវតែបង្រៀនសិស្សចេញពីបេះដូង មិនមែនចេញពីសៀវភៅមួយមុខនេះទេ» ។

    ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រំលេចពាក្យមួយឃ្លាខាងលើនេះ នៅក្នុងពិធីជួបជុំអតីតគរុសិស្ស-និស្សិត ក្រោមប្រធានបទ «រួមគ្នាកសាងឧត្ដមភាពគ្រូបង្រៀន សម្រាប់ជាតិយើង» កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំ អង្គការដៃគូ គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ អតីតគរុសិស្ស និងគរុនិស្សិតទាំងអស់ មានសរុបចំនួន ៧៥០នាក់ ។

    ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា គ្រូបង្រៀនគួរតែចេះភាសាបរទេស ដើម្បីឱ្យការស្រាវជ្រាវមានភាពទូលំទូលាយ ក៏ដូចជាអភិវឌ្ឍគំនិតខ្លួនឱ្យខ្លាំង ។ ដូច្នេះ គ្រូបង្រៀនត្រូវតែជាអ្នករៀនពេញ ១ជីវិត ជាអ្នកបង្រៀនពេញ ១ជីវិត ជាអ្នកសិក្សាស្រាវជ្រាវពេញ ១ជីវិត និងជាអ្នកអភិវឌ្ឍខ្លួនពេញ១ជីវិត ដើម្បីផលិតបាននូវធនធានមនុស្សល្អចំពោះប្រទេសជាតិ ។

    បន្ថែមពីនេះទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីចរិតលក្ខណៈរបស់គ្រូបង្រៀនជាច្រើន ដូចជា ១).រៀនពេញមួយជីវិត ២).មុខវិជ្ជាឯកទេស ៣).វិធីសាស្ត្របង្រៀន ៤).រង្វាយតម្លៃ ៥).ភាសាបរទេស ៦).បច្ចេកវិទ្យាព័ត៌មាន ៧).ក្រមសីលធម៌វិជ្ជាជីវៈ ៨).ស្រាវជ្រាវ ៩).ចែករំលែក ១០).សុទិដ្ឋិនិយម ១១).ប្ដេជ្ញាចិត្ត ១២).សុចរិតភាព ១៣).ទទួលខុសត្រូវ និង ១៤).ស្មារតីសហការ ។

    ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះគណៈគ្រប់គ្រង និងបុគ្គលិកអប់រំ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញទាំងអស់ ដែលបានចេញដំណើរមុនគេក្នុងចំណោមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន ក្នុងការរៀបចំឱ្យមានកម្មវិធីជួបជុំអតីតគរុសិស្ស-គរុនិស្សិតនេះឡើង។ ហើយក្នុងឱកាសចូលឆ្នាំថ្មី នាពេលខាងមុខនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់ឯកឧត្ដម លោកជំទាវ លោកគ្រូ អ្នកគ្រូ នៅក្នុងអង្គពិធីទាំងមូល ឱ្យទទួលបានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងសម្រេចបានទៅតាមបំណងប្រាថ្នា ជាពិសេសគ្រូ និងអនាគតគ្រូទាំងអស់ ឱ្យទទួលបានជោគជ័យ និងក្លាយជាអ្នកបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ប្រទេសជាតិ ៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.