ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងកម្មសិក្សាការីស្ម័គ្រចិត្ត ដែលកំពុងបម្រើការងារក្នុងរដ្ឋបាលខេត្តកណ្ដាល ចំនួន ៣០៣នាក់ ត្រូវបានធ្វើតេស្តរកសារធាតុញៀន កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។
ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ការធ្វើតេស្តរកសារធាតុញៀន របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងកម្មសិក្សាការីស្ម័គ្រចិត្តនាពេលនេះ ដើម្បីអនុវត្តតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្ដមបានបន្តថា៖ ការធ្វើតេស្តនេះ ក្នុងន័យរួមចំណែក ក្នុងការធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពិសេសអនុវត្តនូវបទបញ្ជា របស់រាជរដ្ឋាភិបាល និងដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ។
សូមបញ្ជាផងដែរថា៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងកម្មសិក្សាការីស្ម័គ្រចិត្ត បម្រើការងារនៅសាលាខេត្តកណ្តាល ចំនួន៣០៣នាក់ បានមកធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលមិនបានរកឃើញសារធាតុញៀនឡើយ ៕
























