ក្រុមចរាចរលុយក្លែងក្លាយ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចុះបង្ក្រាប ដោយបានផ្ទុះអាវុធជាច្រើនគ្រាប់ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ៦នាក់ ដកហូតរថយន្ដចំនួន ២គ្រឿង ។
មន្ត្រីនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ពិតជាមានហេតុការណ៍ផ្ទុះអាវុធមែន គឺផ្ទុះនៅក្រុងសៀមរាប និងផ្ទុះនៅស្រុកពួក ដោយដេញពីក្រុងសៀមរាបរហូត ដល់ស្រុកពួក ។
ប្រភពដដែលបន្តថា ក្រុមជនសង្ស័យខាងលើបានយកលុយដុល្លារក្លែងក្លាយមកប្តូរយកលុយបាត ដោយណាត់ជនរងគ្រោះមកជួបគ្នានៅម្តុំស្ពាននាគ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ប៉ុន្តែដោយជនរងគ្រោះមានការសង្ស័យ ក៏ផ្តល់ព័ត៌មានឱ្យសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចរៀប ក៏បានរៀបចំកម្លាំងដើម្បីបង្ក្រាប ។ នៅពេលដែលក្រុមជនសង្ស័យមកដល់ទីតាំងកំណត់ សមត្ថកិច្ចក៏បើកការបង្ក្រាប ភ្លាមនោះ ក្រុមជនសង្ស័យដឹង ក៏បើកឡានរត់គេចទើបសមត្ថកិច្ចផ្ទុះ អាវុធបែបនេះ ។
ប្រភពបានឱ្យដឹងបន្ថែមទៀតថា ដោយសារមុខសញ្ញារត់គេចទៅទិសខាងលិច ទើបសមត្ថកិច្ចខេត្តសៀមរាប សហការ ជាមួយនគរបាលស្រុកពួក ហើយឃាត់ខ្លួនក្រុមជនសង្ស័យខាងលើបានចំនួន៦នាក់ និងដកហូតរថយន្តចំនួន២ គ្រឿង ។
ប្រភពបានបញ្ជាក់ឱ្យដឹងថា ក្រុមខាងលើ គឺជាមុខសញ្ញាធ្លាប់យកលុយដុល្លារមកប្តូយកលុយបាត នៅក្នុងខេត្តសៀមរាប ម្តងជាពីរដងរួចមកហើយ តែម្តងនេះក៏ត្រូវបានបង្ក្រាបទាន់ពេលតែម្តង ៕



