ភ្នំពេញ៖ ជនជាតិជប៉ុនចំនួន ២៥នាក់ ដែលត្រូវបានចាប់ខ្លួននៅកម្ពុជាពាក់ព័ន្ធនឹងអំពើឆបោកតាមទូរស័ព្ទចេញពីម្តុំផ្ទះល្វែង ក្នុងរាជធានីភ្នំពេញ ត្រូវបានបណ្តេញចេញពីកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះ ។
នេះបើតាមការឱ្យដឹងពីនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និង ជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។លោក កែវ វណ្ណថន បានឱ្យដឹងទៀតថា៖ ក្រុមនេះ ត្រូវបានគេជឿថា បានធ្វើសកម្មភាពតាមរយៈទូរស័ព្ទពីប្រទេសកម្ពុជា គោលបំណងបោកប្រាស់ជនរងគ្រោះក្នុងប្រទេសជប៉ុន ហើយសមាជិកក្រុមពួកគេ ខ្លះមានទំនួលខុសត្រូវក្នុងការបញ្ជា និងខ្លះទៀតគ្រប់គ្រងលំហូរសាច់ប្រាក់ ។
គួរបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាកាលពីខែកញ្ញា បានចុះបង្ក្រាបក្រុមជនជាតិជប៉ុនមួយក្រុម ហើយឃាត់ខ្លួនបាន ២៥នាក់ ដោយសង្ស័យថា រងការបង្ខាំងនិងអំពើហិង្សា នៅក្នុងអគារ Skyline ក្នុងរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះបានម្នាក់ ។
ជាវិធានការលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដាក់ឈ្មោះជនជាតិជប៉ុន ២៨នាក់ ចូលក្នុងបញ្ជីខ្មៅ ក្នុងនោះ មាន ២៥នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន នឹងត្រៀមបណ្ដេញចេញពីកម្ពុជាសម្រាប់ក្រសួងមហាផ្ទៃ ប្រតិបត្តិការនេះ សបញ្ជាក់ពីការគ្រប់គ្រងសន្តិសុខក្នុងប្រទេស មិនគិតថាជនបង្កនោះជាជនបរទេស ឬជនជាតិណានោះទេ សមត្ថកិច្ចនឹងបន្តខិតខំគ្រប់គ្រងសន្តិសុខ ដើម្បីភាពសុខសន្តិភាពរបស់កម្ពុជា ផ្ដល់ភាពកក់ក្ដៅដល់ក្រុមអ្នកវិនិយោគ ៕


